(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា នៅថ្ងៃសុក្រនេះបានថ្កោលទោសការធ្វើតេស្ដបាញ់មីស៊ីលផ្លោងរបស់ចិន ព័ទ្ធជុំវិញកោះតៃវ៉ាន់ និងបានចាត់ទុកថាវាជាបញ្ហាធ្ងន់ធ្ងរ ដែលជះឥទ្ធិពលដល់សន្តិសុខជាតិ និងសុវត្ថិភាពប្រជាជនជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។
លោក ស៊ីគីដា ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មានក្រោយជំនួបទទួលទានអាហារពេលព្រឹកជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី និងបន្ទាប់ពីមីស៊ីលផ្លោងរបស់ចិនចំនួន៥គ្រាប់ ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន ខណៈ៤គ្រាប់នៃមីស៊ីលទាំងនេះបានហោះរំលងកោះតៃវ៉ាន់។ លោក គីស៊ីដា បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពរបស់ចិននៅពេលនេះបានបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសុវត្ថិភាពប្រជាជនរបស់យើង ព្រមទាំងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិ ទំាងមូល»។
បច្ចុប្បន្ន លោកស្រី ផេឡូស៊ី កំពុងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ និងកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចរបស់លោកស្រី នៅតៃវ៉ាន់ បានធ្វើឱ្យចិន ខឹងសម្បារយ៉ាងខ្លាំង និងបានប្រកាធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតព័ទ្ធជុំវិញកោះតៃវ៉ាន់ ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕