Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ទាមទារឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដកការចោទប្រកាន់ប្រឆាំងនឹងខ្លួនមុនសិន ទើបអ៊ីរ៉ង់បើកដំណើរការកាមេរ៉ាឃ្លាំមើលឲ្យឡើងវិញ

04-08-2022 20:50

(តេហេរ៉ង់)៖ មន្ត្រីនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់នឹងដំណើរការឡើងវិញនូវកាមេរ៉ាឃ្លាំមើលរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួន លុះត្រាតែ IAEA ដកការចោទប្រកាន់របស់ខ្លួនប្រឆាំងនឹងទីក្រុងតេអេរ៉ង់ជាមុនសិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។

គួររំលឹកថា កាលពីខែមិថុនាកន្លងទៅក្រុមប្រឹក្សាភិបាល IAEA បានអនុម័តដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បន្ទាប់ពីមានរបាយការណ៍របស់ទីភ្នាក់ងារនេះបានលើកឡើងថា ទីក្រុងតេអេរ៉ង់មិនបានផ្តល់ «ការពន្យល់ដែលអាចជឿជាក់បាន» សម្រាប់ភាគល្អិតអ៊ុយរ៉ាញ៉ូម ដែលបានរកឃើញនៅកន្លែងដែលមិនបានបញ្ជាក់ចំនួនបី។

បន្ទាប់ពីការអនុម័តសេចក្តីសម្រេចរបស់ IAEA នេះ អ៊ីរ៉ង់បានប្រកាសវិធានការប្រឆាំងមួយចំនួន រួមទាំងការបិទកាមេរ៉ាឃ្លាំមើលរបស់ IAEA នៅកន្លែងនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

និយាយអំពីកិច្ចចរចា ដែលកំពុងបន្តនៅទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀងឆ្នាំ២០១៥ លោក Eslami ប្រធានទីភ្នាក់ងារថាមពលអាតូមិកអ៊ីរ៉ង់ បានសម្តែងក្តីសង្ឃឹមសម្រាប់ភាគីសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីសុច្ឆន្ទៈ និងឆន្ទៈក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ហើយបដិសេធមិនបំពានលើការសន្យារបស់ខ្លួន៕