(តូក្យូ)៖ ទីក្រុងតូក្យូធ្វើការតវ៉ាជាផ្លូវការទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីមីស៉ីលចំនួនប្រាំគ្រាប់ បានបាញ់ធ្លាក់ទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Kyodo នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។
នៅមុននេះបន្តិច ក៏មានសេចក្តីរាយការណ៍ដោយសារព័ត៌មាន RT ផងដែរថា កម្លាំងយោធាចិនបានបាញ់ផ្លោងរ៉ុក្កែតជាច្រើនគ្រាប់ រំលងដែនអាកាសរបស់តៃវ៉ាន់ ហើយធ្លាក់ទៅក្នុងផ្ទៃទឹកនៅឯភាគខាងកើត។ ទន្ទឹមគ្នានេះ រូបភាពនិងឃ្លីបវីដេអូមួយចំនួនរបស់ ទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញឱ្យឃើញទិដ្ឋភាពពីចម្ងាយ នៃការបាញ់គ្រាប់រ៉ុក្កែតចេញពីឆ្នេរខេត្ត ហ្វូជាន ដែលស្ថិតនៅ ភាគខាងកើតប្រទេសចិន ឡើងខ្ពស់លើផ្ទៃអាកាស សំដៅទៅរកច្រកសមុទ្រតៃវ៉ាន់។
គួរបញ្ជាក់ថា សកម្មភាពបាញ់គ្រាប់រ៉ុក្កែតនិងមីស៉ីលខាងលើនេះ បានកើតមានឡើងស្របពេល ដែលយោធាចិនបាននិងកំពុងធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតពុំធ្លាប់មាន ជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណាន់ស៉ី ផេឡូស៉ី នៅតៃវ៉ាន់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ-ពុធសប្តាហ៍នេះ។ ទីក្រុងប៉េកាំងបានកំណត់យក ទីតាំងចំនួន៦ នៅព័ទ្ធជុំវិញកោះតៃវ៉ាន់ សម្រាប់ការធ្វើសមយុទ្ធរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅរហូតថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕