(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ជំនួបទ្វេភាគីដែលត្រូវបានគ្រោងឡើង រវាងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្រ្តីការបរទេសជប៉ុន លោក លោក ហាយ៉ាស៉ី យ៉ូស៉ីម៉ាសា (Hayashi Yoshimasa) នៅក្រៅកិច្ចប្រជុំអាស៊ាន ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសកម្ពុជា គឺត្រូវបានលុបចោលវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។
កំលុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនយីង (Hua Chunying) បាននិយាយថា ភាគីចិនមានការមិនពេញចិត្តជាខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួម ដែលក្រុមប្រទេស G7 បានចេញស្តីអំពីស្ថានការណ៍នៅកោះតៃវ៉ាន់។ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេស G7 ក្នុងនោះរួមមានទាំងជប៉ុនផងដែរ បានអំពាវនាវឱ្យចិន ធ្វើការដោះស្រាយ ភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយសន្តិវិធី។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងជាខ្លាំង នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងសប្តាហ៍នេះ ដោយសារតែ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) បានធ្វើដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស នៅកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ-ពុធ ដោយមិនខ្វល់ពីការព្រមានរបស់ចិន ខណៈទីក្រុងប៉េកាំងចាត់ទុកដែនកោះនេះ ត្រឹមជាផ្នែកមួយនៃប្រទេសចិនប៉ុណ្ណោះ៕