(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយថា ប្រទេសរបស់លោកកំពុងស្វែងរកឱកាសមួយ ដើម្បីនិយាយដោយផ្ទាល់ជាមួយប្រទេសចិន អំពីបញ្ហាសង្រ្គាមដែលកំពុងបន្ត នៅអ៊ុយក្រែន ដោយកត់សម្គាល់ពីទំនាក់ទំនងជិតស្និទ្ធ រវាងទីក្រុងកៀវនិងទីក្រុងប៉េកាំង មុនពេលមានជម្លោះ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានចិន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍ជាមួយ South China Morning Post តាមប្រព័ន្ធ Zoom លោក ហ្សេលេនស្គី បានជំរុញដល់ប្រទេសមហាអំណាចអាស៉ីមួយនេះ ប្រើប្រាស់ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន លើប្រទេសរុស្ស៉ី ដើម្បីឲ្យការប្រយុទ្ធគ្នាឈានដល់ទីបញ្ចប់។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ចិនជារដ្ឋមានឥទ្ធិពល, មានសេដ្ឋកិច្ចរឹងមាំ ដូច្នេះចិនអាចមានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសរុស្ស៉ី។ ហើយចិនក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ»។
លោក ហ្សេលេនស្គី បានបន្ថែមថា «ខ្ញុំចង់ជជែកដោយផ្ទាល់ ដូចកាលពីមួយឆ្នាំមុន ដែលខ្ញុំបានសន្ទនាជាមួយ លោក ស៉ី ជីនពីង ប្រធានាធិបតីចិន (Xi Jinping)។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ យើងបានស្នើសុំកិច្ចសន្ទនាជាផ្លួវការ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការរៀបចំជំនួបណាមួយនៅឡើយទេ ត្បិតខ្ញុំជឿជាក់ថាជំនួបនេះនឹងនាំមកឲ្យនូវផលប្រយោជន៍»។
គួរបញ្ជាក់ថា បើតាមស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសចិន, ក្នុងឆ្នាំ២០២១ ចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អ៊ុយក្រែន ជាមួយនឹងទំហំពាណិជ្ជកម្មដែលមានតម្លៃជិត ១៩ពាន់លានដុល្លារ៕