(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានចេញមុខអះអាងថា ចិនបានបាញ់ផ្លោងមីស៉ីលបាលីស្ទីគធុន ដុងហ្វេង (Dongfeng) ធ្លាក់ចូលទៅក្នុងតំបន់ដែនទឹក នៅភាគឦសាននិងនិរតីនៃដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។
នៅមុននេះបន្តិច ក៏មានសេចក្តីរាយការណ៍ដោយសារព័ត៌មាន RT ផងដែរថា កម្លាំងយោធាចិនបានបាញ់ផ្លោងរ៉ុក្កែតជាច្រើនគ្រាប់ រំលងដែនអាកាសរបស់តៃវ៉ាន់ ហើយធ្លាក់ទៅក្នុងផ្ទៃទឹកនៅឯភាគខាងកើត។ ទន្ទឹមគ្នានេះ រូបភាពនិងឃ្លីបវីដេអូមួយចំនួនរបស់ ទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញឱ្យឃើញទិដ្ឋភាពពីចម្ងាយ នៃការបាញ់គ្រាប់រ៉ុក្កែតចេញពីឆ្នេរខេត្ត ហ្វូជាន ដែលស្ថិតនៅ ភាគខាងកើតប្រទេសចិន ឡើងខ្ពស់លើផ្ទៃអាកាស សំដៅទៅរកច្រកសមុទ្រតៃវ៉ាន់។
គួរបញ្ជាក់ថា សកម្មភាពបាញ់គ្រាប់រ៉ុក្កែតនិងមីស៉ីលខាងលើនេះ បានកើតមានឡើងស្របពេល ដែលយោធាចិនបាននិងកំពុងធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតពុំធ្លាប់មាន ជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណាន់ស៉ី ផេឡូស៉ី នៅតៃវ៉ាន់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ-ពុធសប្តាហ៍នេះ។ ទីក្រុងប៉េកាំងបានកំណត់យក ទីតាំងចំនួន៦ នៅព័ទ្ធជុំវិញកោះតៃវ៉ាន់ សម្រាប់ការធ្វើសមយុទ្ធរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅរហូតថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕