(អូតាវ៉ា)៖ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី ម៉េឡាណៃ ចូលី (Melanie Joly) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសកាណាដាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលកើតចេញពីដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅកោះតៃវ៉ាន់ ដោយលោកស្រី បានអំពាវនាវដល់ប្រទេសចិនឲ្យបន្ធូរបន្ថយស្ថានការណ៍ដ៏តឹងតែងនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុង ម៉ុនត្រេអាល់ (Montreal) ជាមួយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី អាន់ណាឡេណា ប៊ែរបកស៍ (Annalena Baerbock), លោកស្រី ចូលី បានគូសបញ្ជាក់ថា «យើងគិតថាសមាជិកសភាអាចធ្វើទស្សនកិច្ចជុំវិញពិភពលោក ហើយច្បាស់ណាស់ថាដំណើរទស្សនកិច្ចនេះ មិនអាចប្រើជាហេតុផល ឬជាលេសណាមួយ ដើម្បីបង្កើនភាពតានតឹងឡើយ។ ដូច្នេះក្នុងន័យនេះ យើងអំពាវនាវឱ្យប្រទេសចិនបន្ធូរបន្ថយភាពតានតឹង ពីព្រោះយើងគិតថា វាអាចមានហានិភ័យ គឺមិនត្រឹមតែភាពតានតឹងដែលកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ផងដែរ»។
គួរបញ្ជាក់ថា លោកស្រី ផេឡូស៉ី បានចាកចេញពីកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រោយដំណើរទស្សកិច្ចតិចជាង ២៤ម៉ោងនៅលើ កោះនេះ ដោយបន្សល់ទុកការខឹងសម្បារយ៉ាងខ្លាំងដល់ចិន៕