(ប៉េកាំង)៖ ចិនបានកំណត់យកថ្ងៃទី៤ ខែសីហានេះ ដើម្បីចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំបំផុត ព័ទ្ធជុំវិញកោះតៃវ៉ាន់ ក្រោយប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី បញ្ចប់ទស្សនកិច្ចដ៏ចម្រូងចម្រាសនៅដែនកោះមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។
បើយោងតាមការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន សមយុទ្ធនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ១២ថ្ងៃត្រង់ (ពេលវេលានៅប៉េកាំង) ដោយមាននូវសកម្មភាព បណ្តុះបណ្តាលជាក់ស្តែង រួមទាំងសមយុទ្ធបាញ់គ្រាប់ពិត ដែលប្រព្រឹត្តទៅនៅក្នុងតំបន់ដែនទឹក៦ទីតាំងព័ទ្ធជុំវិញកោះតៃវ៉ាន់។ នៅចំណុចខ្លះ គឺស្ថិតនៅចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រ ពីច្រាំងកោះ ហើយសមយុទ្ធយោធានេះនឹងបញ្ចប់នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
កាសែតរដ្ឋចិន Global Times បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រុមអ្នកវិភាគយោធាឲ្យដឹងថា «សមយុទ្ធបែបនេះគឺមិនធ្លាប់ធ្វើឡើងពីមុនមកនោះទេ ខណៈ មីស៉ីលនឹងហោះពីលើកោះតៃវ៉ាន់ជាលើកដំបូង»។
គួរបញ្ជាក់ថា លោកស្រី ផេឡូស៉ី បានចាកចេញពីកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រោយដំណើរទស្សកិច្ចតិចជាង ២៤ម៉ោងនៅលើ កោះនេះ ដោយបន្សល់ទុកការខឹងសម្បារយ៉ាងខ្លាំងដល់ចិន៕