(ប៉េកាំង)៖ ពិភពលោកមានប្រទេសចិនតែមួយគត់ នេះជាការទទួលស្គាល់ជាទូទៅរបស់សហគមន៍អន្តរជាតិ។ មិនថាពីអតីតកាល បច្ចុប្បន្នកាលឬអនាគតកាល តៃវ៉ាន់ជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន។ ការបង្រួបបង្រួមជាតិរបស់ចិន ជារឿងយូរឬឆាប់តែប៉ុណ្ណោះ ។
ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថា ជារដ្ឋាភិបាលស្របច្បាប់តែមួយរបស់ប្រទេសចិន វាជារឿងពិតដែលមិនអាចប្រកែកបាន។ អាស្រ័យហេតុនេះ គ្រប់ប្រទេសដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន សុទ្ធតែបានទទួលស្គាល់គោលការណ៍ចិនតែមួយ ដែលក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិក និងបស្ចិមប្រទេសនានាផងដែរ។
ពិតមែនតែដោយសារកត្តាប្រវត្តិសាស្ត្រ បានជាតំបន់តៃវ៉ាន់ត្រូវស្ថិតនៅឆ្ងាយពីប្រទេសចិន ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏មិនអាចកាត់ផ្តាច់តៃវ៉ាន់ចេញពីទឹកដីចិនជាដាច់ខាត។ តាំងពីដើមមក ស្ថិរភាពនិងសន្តិភាពនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់មិនត្រឹមតែជាក្តីបំណងរួម របស់ប្រជាជាតិចិនទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចង់ឃើញនិងចង់ឮ របស់សហគមន៍អន្តរជាតិផងដែរ។ រដ្ឋាភិបាលចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូត ក្នុងការបង្កើនកិច្ចផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងគ្នា រវាងចិនដីគោកនិងចិនតៃវ៉ាន់ ក្នុងន័យឱ្យបងប្អូនរួមឈាមជ័រតែមួយ ដែលបានព្រាត់ប្រាសគ្នាបានជួបជុំគ្នាវិញ។
ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ បន្ទាប់ពីរដ្ឋបាលលោកស្រី Tsai Ing-wen ឡើងកាន់អំណាចមក បានធ្វើឱ្យស្ថានការណ៍ផ្លាស់ប្តូរ ជាប្រក្រតីរវាងត្រើយទាំងសងខាង មានការល្អក់កករជាបន្តបន្ទាប់ ដោយបានបញ្ចេញសញ្ជាអវិជ្ជមានចំពោះ ការបង្រួបបង្រួមជាតិដោយសន្តិវិធី របស់ប្រទេសចិន និងឱ្យដៃពួកអបគមន៍និយមដែលប៉ុនប៉ង ឱ្យតៃវ៉ាន់ឯករាជ្យធ្វើខ្យល់ធ្វើភ្លៀង។ លើសពីនេះទៅទៀត អ្នកនយោបាយអាមេរិក ដែលតែងអួតអាងថាខ្លួនជា «បិតាប្រជាធិបតេយ្យ» ម្ខាងនិយាយថា «គោលការណ៍ចិនតែមួយ» របស់អាមេរិកមិនកែប្រែទេ ម្ខាងទៀតបែរជាបញ្ចេញសញ្ញាគាំទ្រ ដល់កម្លាំងអបគមន៍ដែលប្រឆាំងចិន។
ពាក្យចាស់ពោលថា «មនុស្សយកសម្តី ដំរីយកភ្លុក» សម្តីដែលបាននិយាយចេញ ហើយគួរតែមានទម្ងន់ដែលដូចជា ការខ្ជាក់ទឹកមាត់ចេញហើយ មិនអាចលេបចូលវិញបានទេ។ ប៉ុន្តែសម្រាប់អ្នកនយោបាយអាមេរិកវិញ ការនិយាយបាតដៃខ្នងដៃ ខ្ជាក់ហើយលេបវិញវាជារឿងធម្មតាទៅហើយ។ អំពើក្បត់ពាក្យសន្យានិងដើរបំផ្លិចបំផ្លាញ ចំពោះប្រទេសដទៃរបស់អាមេរិក តែងកើតមានជារឿយៗ។
កាលពីឆ្នាំ ២០០១ អាមេរិកបានបំផុសសង្គ្រាមនៅអាហ្វហ្កានីស្ថាន ក្រោមស្លាកប្រឆាំងភេរវកម្ម។ បន្ទាប់ពីសម្លាប់ ប៊ីនឡាដេន មេខ្លោងអង្គការអាល់កៃដានិងធ្វើឱ្យ ប្រទេសអាហ្វហ្កានីស្ថានរងភាពខ្ទេចខ្ទាំរួច អាមេរិកបានដាក់ទ័ពប្រចាំនៅអាហ្វហ្កានីស្ថាន ដោយលើកឡើងថា នឹងជួយស្តារប្រទេសអាហ្វហ្កានីស្ថានឡើងវិញ។ ប៉ុន្តែអ្វីដែលយើងបានឃើញជាក់ស្តែង គឺរហូតដល់ ២០ ឆ្នាំក្រោយមក ពោលគឺនៅពេលអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ ២០២១ ទឹកដីក៏កម្សត់មួយនេះនៅតែស្ថិតក្នុង ភាពគ្រាំគ្រាដោយសារភ្លើងសង្គ្រាមដដែល។
អ្វីដែលគេមើលឃើញជាក់នឹងភ្នែក ពេលអាមេរិកដកទ័ពចេញ មានជនជាតិអាហ្វហ្កានីស្ថានមួយចំនួននាំគ្នារត់ចេញទៅតាម តែត្រូវបានបណ្តេញនិងបាញ់ប្រហារដោយកងទ័ពអាមេរិក នេះឬជាពាក្យសន្យាដែលថា ជួយស្តារប្រទេសអាហ្វហ្កានីស្ថានឡើងវិញ? នេះឬជាទង្វើរបស់បិតាសិទ្ធិមនុស្សដែលត្រូវប្រព្រឹតិ្តនោះ?
នៅឆ្នាំ ២០០៣ អាមេរិកបានបំផុសការវាយប្រហារចំពោះអ៊ីរ៉ាក់ ដោយលើកឡើងថារដ្ឋាភិបាលអ៊ីរ៉ាក់កាលនោះ មានអាវុធប្រល័យលោកដែលគាំទ្រដល់ភេរវនិយម។ ប៉ុន្តែរហូតដល់ឆ្នាំ២០១១ ដែលអាមេរិកបានដកទ័ពទាំងអស់ចេញពីអ៊ីរ៉ាក់ អាមេរិកមិនបានរកឃើញភស្តុតាងអ្វីមកបញ្ជាក់ថា រដ្ឋអំណាចអ៊ីរ៉ាក់កាលនោះមានលាក់ទុកអាវុធប្រល័យលោកនោះទេ អាមេរិកបានត្រឹមតែបន្សល់ទុកនូវភាពឈឺចាប់ចំពោះ ប្រជាជនអ៊ីរ៉ាក់ដែលរងទុក្ខវេទនាដោយសារភ្លើងសង្គ្រាម។ ក្រៅពីនេះ អាមេរិកក៏ជាបាតដៃខ្មៅនៅពីក្រោយនៃ «បដិវត្តន៍ពណ៌» ដែលបំផុសឡើងនៅប្រទេសជាច្រើន ដែលបានកកូរកកាយកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ និងបង្កអស្ថិរភាពសង្គមនៅប្រទេសដទៃ។
អ្នកនយោបាយអាមេរិកបានចាត់ទុកការវិវឌ្ឍរីកចម្រើនរបស់ប្រទេសចិនជា «ការគំរាមកំហែង» ចំពោះឋានៈអនុត្តរភាពនិងអំណាច «អញជាធំ» របស់ខ្លួន ដោយប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ក្រោមលេសគ្រប់បែបយ៉ាង។ ក្នុងន័យនេះ ការប្រើតៃវ៉ាន់ជាសន្លឹកបៀបានក្លាយជា ល្បិចនយោបាយច្រំដែលរបស់អាមេរិក សម្រាប់យកមកគាបប្រទេសចិន។
កាលពីសប្តាហ៍មុន លោក បៃដិន ប្រធានាធិបតីអាមេរិកទើបបានសន្យាចំពោះលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនក្នុងកិច្ចជំនួបតាមទូរស័ព្ទថា «គោលនយោបាយចិនតែមួយរបស់អាមេរិក គឺមិនកែប្រែទេ»។ ប៉ុន្តែរំលងមិនបានប៉ុន្មានថ្ងៃផង លោកស្រី ផេឡូស៊ី ប្រធានសភាតំណាងរាស្ត្ររបស់អាមេរិក ក៏ទៅធ្វើទស្សនកិច្ចផ្លូវការនៅតៃវ៉ាន់ ដែលជាការបង្កហេតុយ៉ាងគឃ្លើនចំពោះ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន។ សហគមន៍អន្តរជាតិ បាននាំគ្នាថ្កោលទោសយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចនេះ ដែលវាជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយធ្វើឱ្យស្ថានការណ៍កាន់តែឡើងកម្តៅ។
ថ្នាក់ដឹកនាំចិនតែងលើកឡើងថា ទំនាក់ទំនងរវាងប្រទេសធំ បើធ្វើកិច្ចសហប្រតិបតិ្តការ នោះនឹងបានផលឈ្នះ-ឈ្នះ តែផ្ទុយទៅវិញ បើប្រឈមដាក់គ្នា នោះនឹងចាញ់រៀងខ្លួន។ តែកិច្ចសហប្រតិបត្តិការ ត្រូវស្ថិតក្រោមបុរេលក្ខខណ្ឌសមភាព និងគោរពអធិបតេយ្យភាពរបស់គូភាគី អាស្រ័យហេតុនេះ រដ្ឋាភិបាលអាមេរិកគួរតែគិតគូរឱ្យបានច្បាស់ថា តើខ្លួនត្រូវការលទ្ធផលឈ្នះ-ឈ្នះឬចាញ់-ចាញ់។
ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យគិតថា ឱ្យតែស្រវាឱបជើងអាមេរិកឱ្យជាប់ មុខជានឹងអាចតតាំងជាមួយប្រទេសចិនបាន។ ប៉ុន្តែនេះជាការគិតខុសស្រឡះ ពីព្រោះអាមេរិកមិនដែលទុកនរណាជា «មិត្តពិត» របស់ខ្លួននោះឡើយ គឺសម្រាប់តែជាកូនអុកនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ កាលណាកូនអុកអស់តម្លៃប្រើប្រាស់ នឹងត្រូវគ្រវែងចោលដោយគ្មានអាលោះអាល័យឡើយ។ ជាពិសេសថ្នាក់ដឹកនាំចិន បានលើកឡើងជាច្រើនលើកច្រើនសាថា ឆន្ទៈដ៏មោះមុតរបស់ប្រជាជនចិនក្នុងការបង្រួបបង្រួមជាតិ គឺគ្មាននរណាអាចធ្វើឱ្យរង្គោះរង្គើបានឡើយ ការបង្រួបបង្រួមជាតិទាំងស្រុងរបស់ប្រទេសចិន មុខជាសម្រេចបានយ៉ាងពិតប្រាកដ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន