(ណៃពិដោ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៉ី គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់របបយោធាមីយ៉ាន់ម៉ា ក្នុងការធ្វើឲ្យមានស្ថិរភាពប្រទេសរបស់ខ្លួនឡើងវិញ ក្នុងពេលកំពុងជួបនឹងវិបត្តិ កំលុងពេលដែលលោកបានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនៃរបបយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។
អំឡុងកិច្ចពិភាក្សាក្នុងទីក្រុងណៃពិដោ លោក ឡារ៉ូវ បានគូសបញ្ជាក់ថា «ពួកយើងសូមបង្ហាញនូវសាមគ្គីភាពជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់របបយោធា ក្នុងគោលបំណងធ្វើឲ្យស្ថានការណ៍មានស្ថិរភាពក្នុងប្រទេស»។
លោក ឡារ៉ូវ ក៏បានជូនពរដល់មីយ៉ាន់ម៉ាឲ្យទទួលបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយ ដែលសំដៅទៅដល់ផែនការរៀបចំការបោះឆ្នោត នាខែសីហា ឆ្នាំ២០២៣ ខណៈក្រុមប្រឆាំងរដ្ឋប្រហារ បាននិយាយថា ការបោះឆ្នោតនោះ នឹងមិនសេរី ឬមានយុត្តិធម៌នោះឡើយ។
គួរបញ្ជាក់ថា រុស្ស៉ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធនៃរបបយោធាមីយ៉ាន់ម៉ា។ ប្រភពពីក្រុមអ្នកតាមដានស្ថានការណ៍ក្នុងស្រុក បានឲ្យដឹងថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីការដណ្តើមអំណាចដោយយោធា កាលពីឆ្នាំ២០២១ ហើយមនុស្សជាង ២,១០០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបអ្នកប្រឆាំង៕