(តៃប៉ិ)៖ ក្រសួងការពារជាតិនៃរដ្ឋបាលតៃវ៉ាន់ នាថ្ងៃពុធនេះ បានលើកឡើងថា សមយុទ្ធយោធារបស់ចិន បានបំពានច្បាប់របស់អង្គការសហប្រជាជាតិ (UN), គំរាមកំហែងចំពោះទឹកដីរបស់តៃវ៉ាន់ និងប្រៀបដូចជាការបិទខ្ទប់ដែនអាកាស និងដែនសមុទ្ររបស់ដែនកោះនេះ យ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។
ក្រសួងការពារជាតិតៃវ៉ាន់បានបន្តថា តៃវ៉ាន់នឹងការពារសន្តិសុខរបស់ខ្លូន ដោយឥតរុញរាឡើយ ហើយតបតរាល់សកម្មភាពនានា ដែលរំលោភមកលើដែនអធិបតេយ្យរបស់ដែនកោះនេះ ព្រមទាំងពង្រឹងកម្រិតនៃការប្រុងជើងការ នៅក្រោមគោលការណ៍មិនចង់ ឱ្យមានសង្រ្គាមផ្ទុះឡើង។
ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានបន្ថែមដែរថា ចិនកំពុងបន្តធ្វើសង្រ្គាមចិត្តសាស្រ្តប្រឆាំងមកលើតៃវ៉ាន់ ហើយបានទទូចឱ្យប្រជាជន កុំជឿពាក្យចចាមអារ៉ាម និងរាយការណ៍ពីព័ត៌មានក្លែងក្លាយនានា មកកាន់អាជ្ញាធរ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារម្សិលមិញ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី បានធ្វើដំណើរមកដល់កោះតៃវ៉ាន់ ដោយមិនខ្លាចការព្រមានរបស់ចិនឡើយ។ ទង្វើរបស់លោកស្រីធ្វើឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារជាខ្លាំង និងបានប្រកាសធ្វើសមយុទ្ធយោធា នៅក្បែរនិងនៅព័ទ្ធជុំវិញកោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះ៕