(ប៉េកាំង)៖ នាថ្ងៃពុធនេះ ការវាយប្រហារដោយកាំបិត បានកើតមានឡើងនៅសាលាមត្តេយ្យមួយកន្លែង ស្ថិតក្នុងខេត្ត ជានស៉ី (Jianxi) នៃភាគអាគ្នេយ៍ប្រទេសចិន និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៣នាក់ និងរងរបួសចំនួន ៦នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។
ប៉ូលិសចិនប្រចាំតំបន់បានឱ្យដឹងថា បុរសម្នាក់វ័យខ្ទង់ជិត៥០ឆ្នាំ ដែលមានពាក់មួកនិងម៉ាស បានសម្រុកចូលសាលាមត្តេយ្យឯកជនខាងលើ ដែលមានទីតាំងនៅក្នុងស្រុក អានហ្វូ (Anfu) កាលពីវេលាព្រឹកថ្ងៃពុធនេះ រួចក៏បានចាប់ផ្តើមធ្វើសកម្មភាពវាយប្រហារដោយកាំបិត។ មកទល់ពេលនេះ ជនសង្ស័យកំពុងបន្តស្ថិតក្រោម ការតាមស្វែងរកដើម្បីឃាត់ខ្លួនរបស់អាជ្ញាធរ។
សម្រាប់អាយុរបស់ជនរងគ្រោះស្លាប់ និងរបួសខាងលើ គឺមិនទាន់ត្រូវបានប្រកាសឱ្យដឹងជាសាធារណៈឡើយទេ។ ប៉ុន្តែក្នុងយោងតាមឃ្លីបវីដេអូមួយ ដែលចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយចិន Beijing Daily គេសង្កេតឃើញមន្រ្តីប៉ូលិសបីកូនក្មេងម្នាក់នៅក្នុងដៃ ឆ្ពោះទៅកាន់រថយន្តសង្រ្គោះបន្ទាន់។
គួរបញ្ជាក់ថា បទល្មើសហិង្សាទ្រង់ទ្រាយធំ គឺជាហេតុការណ៍យ៉ាងកម្រនៅក្នុងប្រទេសចិន ដោយសារតែការហាមឃាត់យ៉ាងតឹងរ៉ឹង មិនឱ្យប្រជាជនកាន់កាប់អាវុធនោះឡើយ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ គឺការវាយប្រហារដោយកាំបិត ស្រដៀងគ្នាបែបនេះមួយចំនួន បានកើតមានឡើង៕