(ប៉េកាំង)៖ បើនិយាយចំពោះប្រទេសចិន ឆ្នាំ២០២២ ជាឆ្នាំមួយដែលពោរពេញទៅដោយបញ្ហាប្រឈម ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់ថ្មី កិច្ចការអភិវឌ្ឍន៍សកលជួបប្រទះនឹង ចរន្តផ្ទុយពីនិន្នការនិងលេចចេញភាពថមថយ។

ប្រឈមនឹងសភាពការណ៍អន្តរជាតិដ៏តឹងរ៉ឺង និងការហានិភ័យនៅពីខាងក្រៅដែលមិនធ្លាប់មាន ជានិច្ចកាល រដ្ឋាភិបាលនិងប្រជាជនចិនតែងតែប្រកាន់ខ្ជាប់ នូវជំនឿចិត្តលើខ្លួនឯងនិងឯករាជ្យម្ចាស់ការ ប្រកាន់ខ្ជាប់ផ្លូវអភិវឌ្ឍន៍សង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ប្រកាន់ខ្ជាប់ការអភិវឌ្ឍស្របទៅតាម ស្ថានភាពជាក់ស្តែងនិងការច្នៃប្រឌិតថ្មី ធ្វើកិច្ចខិតខំប្រឹងប្រែងនិងឧស្សាហ៍ព្យាយាម ដើម្បីសម្រេចបាននូវសុបិនចិនដែលស្តារ ភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

ការស្តារភាពរុងរឿងនិងថ្កុំថ្កើងឡើងវិញរបស់ប្រទេសចិន គឺពឹងផ្អែកទៅលើកម្លាំងប្រជាជនចិនខ្លួនឯង ប្រទេសចិនបានដើរតាមផ្លូវទំនើបភាវូបនិយកម្ម ដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិន ហើយបានបង្កើតរឿងអច្ឆរិយធំពីរ ពោលគឺការអភិវឌ្ឍសេដ្ឋកិច្ចដោយល្បឿនលឿន ដែលកម្រមាននៅទូទាំងពិភពលោក និងស្ថិរភាពសង្គមក្នុងរយៈពេលយូរ។

នៅលើពិភពលោកទាំងមូលគ្មានរូបមន្តអភិវឌ្ឍន៍ណាមួយ ដែលសមស្របនឹងរាល់តំបន់នានានៅលើពិភពលោកនោះទេ ហើយក្នុងប្រវត្តិសាស្រ្តមនុស្សជាតិក៏គ្មានជនជាតិណាមួយ និងប្រទេសណាមួយសម្រចបាន នូវភាពខ្លាំងក្លានិងស្តារឡើងវិញ តាមរយៈការពឹងផ្អែកលើកម្លាំងខាងក្រៅ និងត្រាប់តាមតែរូបមន្តរបស់បរទេសនោះដែរ។

បន្ទាប់ពីប្រទេសចិនថ្មី បានបង្កើតឡើងជាង៧០ឆ្នាំមក សេដ្ឋកិច្ចចិនបានកើនឡើងជាក់ស្តែងសរុប១៨៩ដង កាលឆ្នាំ១៩៤៩ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋចិនគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗមានតែ២៧ដុល្លារអាមេរិក តែបច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានលើសពី១ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ប្រទេសចិនបានប្រែពីប្រទេសកសិកម្មអន់ថយមួយ ក្លាយទៅជាប្រទេសឈរនៅលំដាប់ទីមួយ ខាងផ្នែកផលិតកម្មនៅលើពិភពលោក ក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា។

ជាពិសេស គឺក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសចិនបានគ្រប់គ្រងនិងទប់ស្កាត់ ការរីករាលដាលនៃជំងឺឆ្លងមុនគេ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិននៅតែជាប្រទេសដែលរកឃើញករណីឆ្លងតិចជាងគេ និងមានអ្នកស្លាប់បាត់បង់ជីវិតតិចជាងគេ ក្នុងចំណោមប្រទេសធំៗនៅលើពិភពលោកដដែល។

ខណៈពេលសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួនឯង ប្រទេសចិនក៏បានរួមចំណែកដ៏ធំធេង ក្នុងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចសកល បានលើសពី៣០ភាគរយជាប់រហូតមក។ នៅឆ្នាំមុន ក្នុងកិច្ចប្រជុំជជែកពិភាក្សាជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីអភិវឌ្ឍន៍សកល ដោយបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ការតម្កល់ទុក ការអភិវឌ្ឍជាអាទិភាព តម្កល់ទុកប្រជាជនជាចម្បាង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន ប្រកាន់ខ្ជាប់ការជំរុញអភិវឌ្ឍន៍ដោយការច្នៃប្រឌិតថ្មី ក៏ដូចជាប្រកាន់ខ្ជាប់ការរួមរស់នៅ ដោយសុខដុមរមនារវាងមនុស្សជាតិ និងធម្មជាតិ។

ខណៈពេលគំនិតផ្តួចផ្តើតនេះត្រូវបានលើកឡើង ក៏ទទួលបានការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំង ពីសំណាក់បណ្តាប្រទេសនានា។ ពេលផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាគំនិតល្អបំផុត ពីព្រោះជាគំនិតពហុភាគី ជាគំនិតប្រកបដោយភាពសុខដុមរមនា របស់ប្រជាពលរដ្ឋទាំងអស់ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់និន្នការនយោបាយ ទប់ទល់នឹងគំនិតឯកតោភាគី ដែលចង់បំបែកពិភពលោកជាពីរ ជាបី ឬ ប្រឆាំងនឹងប្រទេសណាមួយនោះ ដូច្នេះ ការលើកឡើងនេះគឺជាគំនិតដ៏ល្អបំផុត ជាផលប្រយោជន៍សម្រាប់មនុស្សជាតិ រាប់ទាំងបរិស្ថាន ដែលជាការយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សនិងធម្មជាតិ ជាការលើកឡើងល្អណាស់សំដៅលើសុភមង្គល វឌ្ឍនភាព វិបុលភាពរបស់មនុស្សលោក គឺជាគំរូនៃសេចក្តីសង្ឃឹម របស់មនុស្សទូទាំងពិភពលោក។

ការអភិវឌ្ឍជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ហើយក៏ជា «កូនសោមាស» សម្រាប់ដោះស្រាយបញ្ហា មានលក្ខណៈសកលផងដែរ។ ប្រទេសចិនដែលបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី បាននិងកំពុងពង្រីកការកែទម្រង់ និងបើកទូលាយជាបន្តបន្ទាប់ ពង្រឹងនិន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរ និងមានស្ថិរភាពក្នុងរយៈពេលយូរ បណ្តុះបណ្តាលកាលានុវត្តភាពក្នុងវិបត្តិ ក៏ដូចជាស្វែងរកកិច្ចចាប់ផ្តើមថ្មីក្នុងភាពបម្រែបម្រួល។

ប្រវត្តិសាស្ត្របានបញ្ជាក់រួមហើយព្រមទាំងនឹងបន្តបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនបាននាំមកនូវ ឱកាសកាន់តែច្រើនដល់ពិភពលោក ជាពិសេសបានបំពេញបន្ថែមនូវកម្លាំងចលករ និងជំនឿចិត្តដល់ការអភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ការស្តារភាពរុងរឿងថ្កុំថ្កើងឡើងវិញរបស់ប្រទេសចិន ក៏នឹងជំរុញការងើបឡើងវិញ និងការអភិវឌ្ឍរបស់សេដ្ឋកិច្ចពិភពលោកផងដែរ។

ប្រទេសចិនរីករាយរួមសហការជាមួយ បណ្តាប្រទេសនានា ដើម្បីរួមគ្នាទទួលការសាកល្បង នៃការអភិវឌ្ឍសកល រួមគ្នាចែករំលែកពុទ្ធិអភិវឌ្ឍន៍សកល ក៏ដូចជារួមគ្នាបង្កើតយុគសម័យថ្មី ដែលមានភាពរុងរឿងខាងការអភិវឌ្ឍ៕

វិទ្យុមិត្តភាពកម្ពុជាចិន