(ប៉េកាំង)៖ ថ្ងៃទី២ ខែសីហា លោកស្រី Pelosi ប្រធានសភាជាន់ទាបអាមេរិកធ្វើដំណើរទៅដល់តំបន់ចិនតៃវ៉ាន់ ដោយមិនអើពើនឹងការប្រឆាំងតវ៉ាយ៉ាងដាច់ខាតរបស់ប្រទេសចិន។ នេះជារឿងបង្ករឿងដ៏ធ្ងន់ធ្ងរលើវិស័យនយោបាយ ដែលបានលើកកម្ពស់លំដាប់ថ្នាក់ នៃកិច្ចប្រាស្រ័យទាក់ទងជាផ្លូវការ រវាងអាមេរិកនិងចិនតៃវ៉ាន់ វាល្មើសយ៉ាងធ្ងន់ធ្ងរ នូវគោលការណ៍ប្រទេសចិនមួយ និងការកំណត់នៃសេចកី្តប្រកាសរួមទាំង៣ច្បាប់ រវាងចិននិងអាមេរិក បានបង្កផលប៉ះពាល់យ៉ាងធ្ង់ធ្ងរ ចំពោះមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏បានបំភានយ៉ាងធ្ងន់ធ្ងរ នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ដូច្នេះវាមានលក្ខណៈអាក្រក់ក្រៃលែង និងមានផលវិបាកយ៉ាងធ្ងន់ធ្ងរណាស់។ ប្រទេសចិនមុខជានឹងចាត់ប្រើរាល់វិធានការទាំងអស់ ដើម្បីគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ។

បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។ «សេចកី្តប្រកាសក្រុងគែរ»នាឆ្នាំ១៩៤៣ និង«សេចក្តីប្រកាស Potsdam»នាឆ្នាំ១៩៤៥ សុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិគ្មានជម្លោះណាទាំងអស់ អំពីការដែលប្រទេសចិនមានអធិបតេយ្យភាពលើទឹកដីរបស់តៃវ៉ាន់។ សេចកី្តប្រកាសរួមទាំង៣ច្បាប់រវាងចិននិងអាមេរិក ក៏បានកំណត់យ៉ាងច្បាស់ថា អាមេរិកទទួលស្គាល់ថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយ នៃទឹកដីប្រទេសចិន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន។

ក្នុងនាមជាថ្នាក់ដឹកនាំកំពូលលំដាប់ទីបីរបស់រដ្ឋាភិបាលអាមេរិក លោកស្រី Pelosi ដឹងច្បាស់ណាស់អំពីចំណុចនេះ។ ប៉ុន្តែទីបំផុត គាត់ហ៊ានបង្ករឿងហេតុ គឺមានន័យថា គាត់បានបាត់បង់វិចារណញ្ញាណ និងគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ហើយមិនអើពើទាំងស្រុងថា ទង្វើបង្ករឿងនេះនឹងនាំមកនូវផលប៉ះពាល់ខ្លាំង ដល់ប៉ុនណាដល់ទំនាក់ទំនងរវាងចិននិងអាមេរិក សន្តិសុខក្នុងតំបន់ ក៏ដូចជាអាមេរិកខ្លួនឯង។ រឿងនេះធ្វើឱ្យសហគមន៍អន្តរជាតិបានឃើញកាន់តែច្បាស់ថា មូលហេតុពីឬគល់ដែលបណ្តាលឱ្យ ស្ថានការណ៍តានតឹងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ឡើងកម្តៅ គឺអាជ្ញាធរតៃវ៉ាន់ប៉ុនប៉ងម្តងហើយម្តងទៀត ចង់ស្វែងរកឯករាជ្យដោយពឹងផ្អែកលើអាមេរិក រីឯអាមេរិកវិញ ក៏មានមនុស្សមួយចំនួនមានចេតនាទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេសផងដែរ។

តាមពិតទៅ ការទទូចទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi មិនមែន «យកចិត្តទុកដាក់» ដល់តៃវ៉ាន់ពិតប្រាកដនោះទេ ផ្ទុយទៅវិញគឺមានគោលបំណងខាងនយោបាយយ៉ាងច្បាស់ណាស់។ មួយផ្នែក ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកកាន់តែខិតជិត បក្សប្រជាធិបតេយ្យរងសម្ពាធយ៉ាងខ្លាំង ក្នុងស្ថានការណ៍បោះឆ្នោតដ៏តានតឹង ដូច្នេះលោកស្រី Pelosi ប៉ុនប៉ងដណ្តើមបានសម្លេងឆ្នោត តាមរយៈការបង្ករឿងហេតុចំពោះ ផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន។ មួយផ្នែកទៀត លោកស្រី Pelosi ក៏ចង់កត់ត្រា «ទំព័រ» មួយក្នុងជីវប្រវត្តិនយោបាយរបស់ខ្លួន តាមរយៈរឿងនេះ។

ទង្វើផ្សងព្រេងលើវិស័យនយោបាយរបស់លោកស្រី Pelosi លើកនេះ បណ្តាលឱ្យស្ថានការណ៍តំបន់ច្រកសមុទ្រតៃវ៉ាន់ ឡើងកម្តៅថែមមួយកម្រិតទៀត ហើយក៏បានវាយប្រហារដល់សន្តិភាព និងស្ថិរភាពរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ វាធ្វើឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់ ពីមុខមាត់ពិតប្រាកដរបស់អាមេរិក ដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍ របស់ប្រទេសដទៃ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ អាមេរិកនិយាយក្រឡាស់ភ្លាមៗ និងលេងឧបាយកល “ស្តង់ដារពីរ”យ៉ាងដូច្នោះ គ្រាន់តែនឹងខូចកេរ្តិ៍ឈ្មោះរបស់អាមេរិកលើផ្ទៃអន្តរជាតិ និងពន្លឿនការថមថយចុះ របស់អនុត្តរភាពបែបអាមេរិកតែប៉ុណ្ណោះ។

ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi លើកនេះ មិនអាចកែប្រែប្រវតិ្តសាស្ត្រ និងការពិតជាក់ស្តែងខាងផ្លូវច្បាប់ ដែលថា តៃវ៉ាន់ជាតំបន់របស់ចិននោះទេ ហើយក៏មិនអាចរារាំងបាននូវនិន្នាការណ៍ប្រវត្តិសាស្ត្រ ដែលប្រទេសចិនសម្រេចបាននូវ ការបម្រួបបម្រួមជាតិទាំងស្រុងនោះដែរ។ នរណាក្តី កម្លាំងណាក្តីបើប៉ុនប៉ងប្រលែងជាមួយភ្លើងក្នុងបញ្ហាតៃវ៉ាន់ ពិតជានឹងត្រូវឆេះរោលខ្លួនឯងជាក់ជាមិនខាន!

វិទ្យុមិត្តភាពកម្ពុជាចិន