(ប៉េកាំង)៖ រដូវក្តៅនៅ Xizang ជារដូវកាលល្អបំផុតក្នុងមួយឆ្នាំ។ នាខែមិថុនា ឆ្នាំ២០១៩ និស្សិតចំនួន១៧រូប របស់វិទ្យាស្ថានវេជ្ជសាស្ត្រនៃសកលវិទ្យាល័យ Xizang បានមកដល់រដ្ឋធានីប៉េកាំង ដើម្បីចុះធ្វើកម្មសិក្សានៅមន្ទីរពេទ្យ Shougang នៃសកលវិទ្យាល័យប៉េកាំង។ មុនបញ្ចប់កម្មសិក្សា និស្សិតទាំងនេះបានសរសេរសំបុត្រមួយច្បាប់ផ្ញើជូនលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីថ្លែងអំណរគុណចំពោះបក្សនិងរដ្ឋ និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តសងគុណមាតុប្រទេស និងកសាងស្រុកកំណើតឱ្យកាន់តែល្អបន្ទាប់ពីបញ្ចប់ការសិក្សា។
នាខែកុម្ភៈ ឆ្នាំ២០២០ មុនចូលឆ្នាំថ្មីជនជាតិ Xizang លោក Xi Jinping បានតបសំបុត្រនិស្សិតទាំងនេះ លោកបានជូនពរឆ្នាំថ្មីផង ហើយបានលើកទឹកចិត្តពួកគេថា «ទៅបម្រើការងារនៅកន្លែងដែលប្រជាជនត្រូវការបំផុត បម្រើប្រជាជនជាពិសេសពលរដ្ឋនៅមូលដ្ឋាន ដោយសមត្ថភាពដ៏រឹងមាំនិងចិត្តសប្បុរសធម៌»។
«ពិតជារំភើបណាស់! នោះជាកាដូឆ្នាំថ្មីដ៏មានតម្លៃបំផុតសម្រាប់ពួកយើង!» យុវជនឈ្មោះ Danzhenwangdui បានប្រាប់ថា ពេលទទួលបានសំបុត្រឆ្លើយតប គាត់និងមិត្តរួមថ្នាក់កំពុងជុំគ្នានៅអន្តេវាសិកដ្ឋានជជែកកម្សាន្តថា តើចូលឆ្នាំតាមរបៀបណា។ គាត់បានបន្ថែមថា សំបុត្រឆ្លើយតបរបស់លោកប្រធានរដ្ឋ Xi Jinping គឺជាអំណោយអបអរឆ្នាំថ្មីដ៏កក់ក្តៅបំផុត។
អំឡុងចុះធ្វើកម្មសិក្សា យុវជនឈ្មោះ Jiancanpingcuo មានអាយុ២៤ឆ្នាំ គាត់បានចូលរួមការវះកាត់ចំនួនជាង ១០០លើក។ គាត់បានប្រាប់អ្នកកាសែតថា ខ្លួនមកពីក្រុមគ្រួសារក្រីក្រមួយរបស់ទីក្រុង Rikaze ទទួលបានផលប្រយោជន៍ពីគោលនយោបាយអប់រំ ជាកាតព្វកិច្ចដែលផ្តល់ការហូប ការស្នាក់នៅ និងថ្លៃសិក្សាដោយឥតគិតថ្លៃ ពេលចូលរៀននៅសកលវិទ្យាល័យទទួលបាន ជំនួយពីគោលនយោបាយកាន់តែច្រើនទៀត។ «ជាច្រើនឆ្នាំកន្លងមក រដ្ឋបានផ្តល់ថវិកាច្រើនណាស់ ក្នុងវិស័យអប់រំរបស់តំបន់ Xizang។ យើងខ្ញុំនឹងសងគុណការបណ្តុះបណ្តាលរបស់រដ្ឋ។ ខ្ញុំនឹងខិតខំធ្វើជាគ្រូពេទ្យល្អ ដែលបក្សនិងប្រជាជនជឿទុកចិត្ត!»។
តាមសៀវភៅសស្តីពី «ការរំដោះដោយសន្តិវិធីនិងភាពវិវឌ្ឍរីកចម្រើនរបស់ Xizang» បានឱ្យដឹងថា នៅចុងឆ្នាំ២០១៩ តំបន់ Xizang បានលុបបំបាត់ភាពក្រីក្រខ្លាំងទាំងស្រុង។ ពីឆ្នាំ១៩៥១ ដល់ឆ្នាំ២០២០ រដ្ឋាភិបាលបានផ្តល់ថវិកាសរុប ២២៣៩៦៥លានយាន់ប្រាក់ចិន ក្នុងវិស័យអប់រំរបស់ Xizang ។
គួរបញ្ជាក់ថា តំបន់ Xizang នាពេលបច្ចុប្បន្ន មានប្រព័ន្ធអប់រំទំនើបទាំងការអប់រំនៅសាលាមត្តេយ្យ ការអប់រំមូលដ្ឋាន ការអប់រំវិជ្ជាជីវៈការអប់រំផ្នែកឧត្តមសិក្សា ការអប់រំបន្តនិងការអប់រំពិសេសជាដើម។ តាមភូមិនីមួយៗ សុទ្ធតែមានមណ្ឌលសុខភាព បណ្ណល័យខាងកសិកម្មនិងបណ្ណាល័យក្នុងវត្តអារាម។ ចំណែកអាយុកាលជាមធ្យមរបស់មនុស្សម្នាក់ៗបានកើនពី ៣៥.៥ ឆ្នាំនាឆ្នាំ១៩៥១ ដល់ ៧១.១ឆ្នាំនាឆ្នាំ២០១៩។ នៅឆ្នាំ ២០២០ អត្រាទទួលបានការងារធ្វើរបស់និស្សិតបញ្ចប់ការសិក្សានៅតំបន់ Xizang មានដល់ទៅ ៩៩%។ គិតត្រឹមចុងឆ្នាំ២០២១ តំបន់ Xizang មានសមត្ថភាពផ្តល់សេវាកម្មវេជ្ជសាស្ត្រកម្រិតខ្ពស់ នៅក្បែរផ្ទះជូនប្រជាជនគ្រប់ជនជាតិ ដែលជំងឺធ្ងន់ជាង៤០០ប្រភេទ មិនបាច់ចេញទៅព្យាបាលនៅក្រៅនោះទេ។
ការអភិវឌ្ឍរបស់តំបន់ Xizang មិនអាចខ្វះបានពីការជួយគាំទ្ររបស់មជ្ឈិមបក្ស និងរដ្ឋនិងបងប្អូនជនរួមជាតិទូទាំងប្រទេសចិន នោះឡើយ។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលបានផ្តោតលើ តម្រូវការជាក់ស្តែងរបស់តំបន់ Xizang ដោយចាត់វិធានការជួយអភិវឌ្ឍតំបន់ Xizang តាមដោយរបៀប «រួមជាក្រុម» ដែលបានអំពាវនាវនិងប្រមូលផ្តុំ ធនធានមនុស្សផ្នែកវេជ្ជសាស្ត្រនិងអប់រំ ដើម្បីរួមគ្នាជួយតំបន់ Xizang បណ្តុះបណ្តាលធនធានមនុស្ស ដែលបានជំរុញយ៉ាងខ្លាំងក្លា ឱ្យសេដ្ឋកិច្ចនិងសង្គមកិច្ចតំបន់ Xizang អភិវឌ្ឍយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ផងដែរថា ឆ្នាំ១៩៥១ GDP នៃតំបន់ Xizang ត្រឹមតែ ១២៩លានយាន់ប្រាក់ចិន មកដល់ឆ្នាំ២០២១ GDP នៃតំបន់ Xizang បានលើសពី ២០០ពាន់លានយាន់ប្រាក់ចិន។ បក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់ការអភិវឌ្ឍដើម្បីប្រជាជន អភិវឌ្ឍផ្អែកលើប្រជាជន សមិទ្ធផលនៃការអភិវឌ្ឍចែករំលែកដោយប្រជាជន។ ប្រទេសចិនបានកសាងប្រព័ន្ធអប់រំ ប្រព័ន្ធរបបសន្តិសុខសង្គម និងប្រព័ន្ធសេវាវេជ្ជសាស្ត្រទ្រង់ទ្រាយធំបំផុតលើពិភពលោក...។ សាមគ្គីគ្នា រួមចិត្តរួមថ្លើម ខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ថ្ងៃអនាគតនឹងទទួលបានជីវភាពរស់នៅកាន់តែល្អបវរថែមទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន