(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន រំពឹងថាអាចនឹងគ្រប់គ្រង ឬបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ដែលដុតបញ្ឆេះ ឡើងដោយដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ដើម្បីកុំឱ្យផ្ទុះជាជម្លោះ ឬវិបត្តិណាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក ចន ឃឺប៊ី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ បន្ទាប់ពីលោកស្រី ផេឡូស៊ី ចុះចតនៅតៃវ៉ាន់ដោយសុវត្ថិភាព កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ។ បើតាមលោក ឃឺប៊ី ដំណើរទស្សនកិច្ចនេះមិនបានបំពានអធិបតេយ្យរបស់ចិនទេ ហើយមិនមែនជាការផ្លាស់ប្ដូរគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិកនោះដែរ។ «អ្វីដែលយើងមិនចង់ឃើញ នោះគឺការផ្ទុះជម្លោះ ឬវិបត្តិ ណាមួយ ហើយវាក៏គ្មានហេតុផលណាមួយត្រូវបង្កជម្លោះនោះដែរ»។ នេះជាការបញ្ជាក់របស់លោក ចន ឃឺប៊ី។
គួរបញ្ជាក់ថា លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិក ដែលអាចស្នងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនៅពេលនេះបានធ្វើឱ្យលោកស្រី ក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។
ចិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ជាទង្វើបង្កហេតុ ហើយបានប្រកាសធ្វើសមយុទ្ធយោធាឡោមព័ទ្ធតៃវ៉ាន់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហានេះ។ លោកស្រី ផេឡូស៊ី ត្រូវបានរំពឹងថាអាចនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំតៃវ៉ាន់កំពូលៗ ក្នុងនោះរួម មានទាំងមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិនផងដែរ៕