(ប៉េកាំង)៖ ចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាខ្លួនកំពុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងគម្រោងបំពេញទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅកាន់កោះតៃវ៉ាន់ ដោយបានហៅផែនការនៃដំណើរទស្សនកិច្ចនេះថាជា «ទង្វើបង្កហេតុ» ខណៈបន្តធ្វើសមយុទ្ធយោធា នៅក្បែរកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Staitstimes នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។
លោកស្រី ផេឡូស៊ី ត្រូវបានគេរាយការណ៍ថាបានដឹកនាំប្រតិភូចាកចេញពីប្រទេសម៉ាឡេស៊ីហើយ តែមិនទាន់មានការបញ្ជាក់ពីគោលដៅបន្ទាប់របស់លោកស្រី នៅឡើយទេ ស្របពេលមានសេចក្ដីរាយការណ៍ជាច្រើនថាលោកស្រីនឹងទៅដល់កោះតៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបញ្ជាក់បន្ថែមដូច្នេះថា «ភាគីសហរដ្ឋអាមេរិក នឹងត្រូវទទួលខុសត្រូវទាំងស្រុង ហើយនឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម សម្រាប់ការបំផ្លាញផលប្រយោជន៍សន្តិសុខនៃអធិបតេយ្យរបស់ចិន»។
ចិនបានព្រមានម្ដងហើយម្ដងទៀតថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្នុងនោះរួមមានទាំងជម្រើសយោធា ប្រសិនបើលោកស្រី ផេឡូស៊ី ពិតជាបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់មែននោះ៕