(ឌូបៃ)៖ អារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារនេះ បានស្វាគមន៍ការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំពីការសម្លាប់មេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហីរី (Ayman al-Zawahiri) នៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថាមេអាល់កៃដា Zawahiri ត្រូវបានគេចាត់ទុកថាជាមេដឹកនាំមួយនៃក្រុមភេរវករមួយនេះ ដែលដឹកនាំការធ្វើផែនការ និងប្រតិបត្តិការនានាដើម្បីវាយប្រហារ លើសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា មេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ហើយដែលនេះជាការបាត់បង់ធំបំផុតរបស់អាល់កៃដា ចាប់តាំងពីអូសាម៉ា ប៊ីន ឡាដិន (Osama bin Laden) ត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មក៕