(យូអិន)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានព្រមានថាពិភពលោកសព្វថ្ងៃកំពុងស្ថិតនៅក្នុង ស្ថានភាពផុយស្រួយជាទីបំផុត ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ដោយដើរខុសតែមួយជំហាននឹងវិនាសអន្តរាយដោយសារសង្រ្គាមនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីបើកសន្និសីទនៃប្រទេសដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ លោក ហ្គូតឺរ៉េស នៅថ្ងៃចន្ទសប្ដាហ៍នេះ បាន គូសបញ្ជាក់បន្ថែមថា ពិភពលោកពិតជាមានសំណាង ដែលអាចបញ្ចៀសមហន្តរាយនៃសង្រ្គាមនុយក្លេអ៊ែរមកទល់នឹងពេលនេះ ហើយលោកក៏បាន ជំរុញផងដែរពិភពលោកឱ្យបន្តការឆ្ពោះទៅរកការលុបបំបាត់អាវុធប្រល័យលោក។
ប៉ុន្តែព្រមពេលជាមួយគ្នា លោកក៏បានព្រមានដែរថាសំណាងមិនមែនជាយុទ្ធសាស្ត្រទេ ខណៈប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយសព្វថ្ងៃ ការដើរខុសតែមួយជំហាន វាអាចនឹងវិនាសអន្តរាយដោយសារសង្រ្គាមនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន អាវុធនុយក្លេអ៊ែរសរុបនៅលើពិភពលោកមានដល់ទៅជាង ១៣,០០០គ្រាប់ ដោយមានប្រទេសចំនួន៩ ដែលមានអាវុធប្រល័យ លោកនេះ ហើយក្នុងនោះទៀតសោត សហរដ្ឋអាមេរិក និងរុស្ស៉ីត្រូវបានគេរាយការណ៍ថាកាន់កាប់ជាង ៩០ភាគរយ នៃអាវុធនុយក្លេអ៊ែរទាំងនេះ៕