(តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានបង្គាប់ឱ្យយោធារបស់ខ្លួនត្រៀមលក្ខណៈប្រុងជើងការកម្រិតខ្ពស់ចាប់ព្រឹកថ្ងៃអង្គារនេះ រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅចំពោះមុខការព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសំណាក់ទីក្រុងប៉េកាំង ក្នុងករណីដែលលោកស្រី ផេឡូស៊ី បំពេញទស្សនកិច្ចមកកាន់ កោះតៃវ៉ាន់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។
បើតាមប្រភពចំនួន៣ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ផេឡូស៊ី អាចនឹងបំពេញទស្សនកិច្ចទៅកាន់ កោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ ខណៈសហរដ្ឋអាមេរិកបានអះអាងថាខ្លួនមិនខ្លាចការសម្លុតគំរាមរបស់យោធាចិនឡើយ ដែលព្រមានថានឹងមិននៅស្ងៀមទេ បើ លោកស្រីផេឡូស៊ី ពិតជាបំពេញទស្សនកិច្ចនៅតៃវ៉ាន់មែននោះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះ ក៏បានឱ្យដឹងដែរថាយន្ដហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះឆ្វែលទៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាលនៃច្រក សមុទ្រតៃវ៉ាន់ចាប់តាំងពីថ្ងៃចន្ទម្សិលមិញមកម្ល៉េះ រីឯតៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងដើម្បីតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិនផងដែរ។ ខ្សែបន្ទាត់ កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់ទ្រនាប់មួយដែលត្រូវបានបង្កើតឡើង ដើម្បីខណ្ឌចែករវាងចិន និងតៃវ៉ាន់៕