(វ៉ាស៉ីនតោន)៖ សេតវិមាន បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបញ្ជូនគ្រាប់រំសេវរាប់ពាន់គ្រាប់សម្រាប់កាំភ្លើងធំ howitzer និងប្រព័ន្ធមីស៉ីល HIMARS បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន នៅក្រោមកញ្ចប់ជំនួយយោធាថ្មីមួយទៀតមានទំហំទឹកប្រាក់ ៥៥០លានដុល្លារ។ នេះបើយោងតាមការដកស្រង់ផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។
CNN ដោយផ្អែកលើក្រុមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងទៀតថាប្រព័ន្ធមីស៊ីល HIMARS បានអនុញ្ញាតឱ្យទាហានអ៊ុយក្រែនវាយប្រហារលើទីតាំងផ្ទុកអាវុធរុស្ស៊ីនៅឯតំបន់ ខឺសុន (Kherson)។ ចំណែកឯ សេតវិមានក៏បានឱ្យដឹងដែរថាការសម្រេចចិត្តផ្តល់គ្រាប់រំសេវសម្រាប់ប្រព័ន្ធ HIMARS បន្ថែម ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រី នៃមន្ទីរបញ្ចកោណ និងមន្រ្តីអ៊ុយក្រែន។
គួរបញ្ជាក់ថា បូកបន្ថែមកញ្ចប់ថវិកាចំនួន៥៥០លានដុល្លារខាងលើនេះ បានធ្វើឱ្យជំនួយយោធាសរុបដែលរដ្ឋបាលរបស់លោក ចូ បៃដិនផ្តល់ដល់អ៊ុយក្រែន កើនដល់ ៨.៨ពាន់លានដុល្លារ៕