(យូអិន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅថ្ងៃចន្ទសប្តាហ៍នេះ បានហៅសកម្មភាពរបស់រុស្ស៊ីជុំវិញរោងចក្រថាមពល នុយក្លេអ៊ែរដ៏ធំបំផុតរបស់អ៊ុយក្រែនថាជាភាពមិនទទួលខុសត្រូវយ៉ាងខ្លាំង ដោយចោទទីក្រុងម៉ូស្គូថាបានប្រើប្រាស់ទីតាំងរោងចក្រនេះដើម្បីធ្វើជាខែលនុយក្លេអ៊ែរ ក្នុងការវាយប្រហារលើកងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ៍ ទី២ ខែសីហា ឆ្នាំ២០២២។
លោក ប្ល៊ីនខិន ធ្វើការកត់សម្គាល់បែបនេះបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅឯអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលឥឡូវនេះទីក្រុងម៉ូស្គូ កំពុងប្រើប្រាស់រោងចក្រនេះធ្វើជាមូលដ្ឋានយោធា និងវាយប្រហារទៅលើកងកម្លាំងអ៊ុយក្រែនពីជុំវិញនោះ»។ លោកបន្ថែមថា «ជាការពិតណាស់ កងកម្លាំងអ៊ុយក្រែន មិនអាចធ្វើការបាញ់តបតវិញបានទេ ដោយខ្លាចក្រែងមានឧបទ្ទវហេតុដ៏អាក្រក់មួយពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ។ សកម្មភាពរបស់រុស្ស៊ីដូចនេះ គឺវាហួសពី ការយកមនុស្សធ្វើខែការពារ ប៉ុន្តែជាខែលនុយក្លេអ៊ែរ»។ ប៉ុន្តែ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់របស់លោក ប្លីនខិន។
គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ រុស្ស៊ី ត្រូវបានចោទប្រកាន់ថាបានបាញ់ផ្លោងដ៏គ្រោះថ្នាក់ នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhia) ខណៈកងកម្លាំងរបស់ខ្លួនបានកាន់កាប់រោងចក្រនេះ នៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមអ៊ុយក្រែន៕