( វ៉ាស៊ីនតោន)៖ សេតវិមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានចិនប្រឆាំងនឹងការធ្វើសកម្មភាពបង្កហេតុ ឬភាពតានតឹងពាក់ព័ន្ធនឹងគម្រោងនៃ ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចនេះមិនមែន ឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរគោលនយោបាយអាមេរិកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានលើកឡើងដូច្នេះថា «វាគ្មានហេតុផលណាមួយដែលទីក្រុងប៉េកាំង ត្រូវទាញភ្ជាប់ផែនការទស្សនកិច្ចនេះទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក វិបត្តិ ឬជម្លោះណាមួយទេ ហើយក៏មិនអាចប្រើវាជាលេសដើម្បីបង្កើនសកម្មភាពយោធានៅក្នុង និងជុំវិញតំបន់ច្រកសមុទ្រតៃវ៉ាន់នោះដែរ»។
លោក ឃឺប៊ី បន្ថែមថាក្រុមមន្ត្រីរដ្ឋបាលលោក បៃដិន មានការព្រួយបារម្ភជាខ្លាំងថាចិនអាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡេស៊ី ជាលេស ចាត់វិធានការសងសឹកបង្កហេតុ ក្នុងនោះរួមមានទាំងការធ្វើបាញ់សាកល្បងមីស៊ីលនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ឬក៏ធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅក្នុងតំបន់ច្រកសមុទ្រនេះ។ មួយវិញទៀត បើអ្នកនាំពាក្យរូបនេះ ការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចទៅតៃវ៉ាន់ វាជាការសម្រេចចិត្ត ទាំងស្រុងរបស់លោកស្រី ផេឡូស៊ី ហើយកន្លងមកសមាជិកសភាតំណាងរាស្ត្រអាមេរិកក៏តែងតែបំពេញទស្សនកិច្ចនៅតៃវ៉ាន់ផងដែរ នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ៕