(សិង្ហបុរី)៖ គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងមេដឹកនាំសិង្ហបុរីផ្សេងទៀតនៅថ្ងៃចន្ទ ថ្ងៃទី០១ ខែសីហានេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់អាស៊ី។ នេះបើយោងបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបានបញ្ជាក់ពីភាពជាដៃគូដ៏ល្អ និងយូរអង្វែងរវាងសិង្ហបុរី និងសហរដ្ឋអាមេរិក។
MFA បានលើកឡើងថា «ពួកគេបានពិភាក្សាអំពីទំនាក់ទំនងអប់រំ និងប្រជាជនយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយបានស្វាគមន៍ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងតំបន់ជាថ្មី និងឆ្ពោះទៅមុខបន្តទៀត ដូចជាការប្រែប្រួលអាកាសធាតុជាដើម»។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើមធ្យោបាយ ដើម្បីជំរុញឱ្យមានទំនាក់ទំនងសង្គមកាន់តែខ្លាំងក្លានៅក្នុងប្រទេសសិង្ហបុរី និងសហរដ្ឋអាមេរិកផងដែរ។
លោកស្រី Pelosi ដែលបានដឹកនាំគណៈប្រតិភូសមាជិកប្រាំមួយរូបក្នុងដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃនៅប្រទេសសិង្ហបុរីក៏បានជួបជាមួយនាយករដ្ឋមន្ត្រី លោក Lee Hsien Loong និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក Vivian Balakrishnan ផងដែរ។
យោងតាម MFA លោក Lee និងគណៈប្រតិភូសភា «បានបញ្ជាក់ពីភាពជាដៃគូដ៏ស៊ីជម្រៅ និងពហុវិស័យរវាងសិង្ហបុរី និងសហរដ្ឋអាមេរិក ដែលគាំទ្រដោយកិច្ចសហប្រតិបត្តិការដ៏រឹងមាំទាំងវិស័យការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច»៕