(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា ក្រសួងការពារជាតិអាមេរិកកំពុងធ្វើការយ៉ាងមមាញឹកបំផុត ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រួតពិនិត្យនូវរាល់សកម្មភាពរបស់ចិននៅក្នុងតំបន់ ដើម្បីធានានូវសុវត្ថិភាពជូន លោកស្រី Nancy Pelosi នៅចំពោះដំណើរទស្សនកិច្ចនៅតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ផ្ទាល់ រាយការណ៍ថា ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi អាចនឹងទៅដល់កោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ ដោយនឹងចំណាយពេលមួយយប់នៅសណ្ឋាគារ Grand Hyatt។
បន្ទាប់មកលោកស្រីនឹងធ្វើទស្សនកិច្ចនៅសភាតៃវ៉ាន់នៅព្រឹកថ្ងៃពុធ ជាកន្លែងដែលលោកស្រីនឹងជួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-Wen ផងដែរ៕