(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានទទូចថារុស្ស៊ីគួរតែបង្ហាញការត្រៀមខ្លួនសហការ ជាមួយក្រុងវ៉ាស៊ីនតោនក្នុងវិស័យគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២។
លោក បៃដិន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីចរចាបង្កើតក្របខ័ណ្ឌថ្មី សម្រាប់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលនឹងជំនួសឲ្យសន្ធិសញ្ញាកាត់បន្ថយអាវុធជាយុទ្ធសាស្ត្រហៅកាត់ថា New START។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូមិនមែនជាភាគីតែមួយគត់ ដែលលោក បៃដិន ចង់ឃើញនៅតុចរចានោះទេ ។ លោកបាននិយាយថា ទីក្រុងប៉េកាំងក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ក៏ត្រូវតែចូលរួមក្នុងកិច្ចពិភាក្សាដែលឧទ្ទិសដល់ការគ្រប់គ្រងចំនួនក្បាលអាវុធនុយក្លេអ៊ែរផងដែរ៕