(តូក្យូ)៖ យោធាអាមេរិក បាន និងកំពុងចល័តនាវាចម្បាំង នាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះចម្បាំងជាច្រើនគ្រឿងទៅក្បែរកោះតៃវ៉ាន់ ខណៈមានសេចក្ដីរាយការណ៍ថាប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី អាចនឹងបំពេញទស្សនកិច្ចនៅដែនកោះមួយនេះ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។
កាលពីដំបូងឡើយ យោធាអាមេរិកបានជំទាស់នឹងផែនការធ្វើទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ប៉ុន្តែក្រោយមកបានប្រកាសថាខ្លួន មានផែនការយោធាត្រៀមជាស្រេចដើម្បីការពារលោកស្រី នៅក្នុងករណីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសនេះកើតឡើងមែននោះ។
បើតាមសារព័ត៌មាន Nikkei នៅក្នុងចំណោមនាវាចម្បាំងដែលអាមេរិកកំពុងចល័តទៅក្បែរកោះតៃវ៉ាន់ ក្នុងនោះក៏រួមមានទាំង នាវាផ្ទុកយន្ដហោះចម្បាំង USS Ronald Reagan និងនាវាចម្បាំង USS Tripoli ផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ លោកស្រី ផេឡូស៉ី កំពុងបំពេញទស្សនកិច្ច នៅឯប្រទេសសិង្ហបុរី ខណៈវាជាកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចរបស់ លោកស្រី មកកាន់តំបន់អាស៉ី ដែលរួមមានប្រទេស៣ទៀត គឺម៉ាឡេស៉ី កូរ៉េខាងត្បូង និងជប៉ុន។ បើតាមកាលវិភាគ លោកស្រីត្រូវបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសិង្ហបុរី នៅថ្ងៃចន្ទ-អង្គារ។ ប៉ុន្តែ សារព័ត៌មានជប៉ុន ក្យូដូ (Kyodo) និងសារព័ត៌មានរុស្ស៉ី ស្ពុតនីគ (Sputnik) ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ផ្ទាល់ បានចុះផ្សាយថា ប្រធានសភាអាមេរិក លោក ណានស៉ី ផេឡូស៉ី (Nancy Pelosi) អាចនឹងទៅដល់កោះតៃវ៉ាន់ នៅថ្ងៃអង្គារសប្តាហ៍នេះ។
ហេតុដូច្នេះ ប្រសិនបើសេចក្តីរាយការណ៍ខាងលើពិតមែននោះ បានន័យថាលោកស្រី នឹងឆ្ពោះទៅកាន់តៃវ៉ាន់តែម្តង ក្រោយចាកចេញពីសិង្ហបុរី៕