(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោក នឹងមិនចូលរួមជាសមាជិក នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើងវិញនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។
អំលុងអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ហ្វីលីពីនបានជូនដំណឹងជាផ្លូវការទៅកាន់ អង្គការសហរប្រជាជាតិកាលពីឆ្នាំ២០១៨ អំពីការសម្រេចចិត្តដកខ្លួនចេញពីលក្ខនិ្តកៈទីក្រុងរ៉ូម របស់ ICC បន្ទាប់ពីស្ថាប័ននេះ បានបើកការស៉ើបអង្កេត លើយុទ្ធនាការបង្រ្កាបគ្រឿងញៀនដោយកណ្តាប់ដៃដែក របស់លោក ឌូតឺតេ ដែលមានមនុស្សជាង ៦,០០០នាក់ ត្រូវបានសម្លាប់។ ថ្លែងក្នុងព្រឹត្តិការណ៍ក្នុងស្រុកមួយ នៅថ្ងៃចន្ទនេះ លោក ម៉ាកូស បន្ថែមថា ការស៉ើបអង្កេតក្នុងតំបន់ លើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់លោក ឌូតឺតេ គឺកំពុងប្រព្រឹត្តទៅ ហើយមិនចាំបាច់មានការស៉ើបអង្កេតរបស់ ICC ឡើយ។
គួរបញ្ជាក់ថា ហ្វីលីពីនបានឈប់ធ្វើជារដ្ឋសមាជិកនៃ ICC នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ គឺមួយឆ្នាំបន្ទាប់ពីការប្រកាសរបស់ លោក ឌូតឺតេ។ ទិន្នន័យពីរដ្ឋាភិបាលហ្វីលីពីនបង្ហាញថា មនុស្សយ៉ាងតិច ៦,២៥២ នាក់ត្រូវបានសម្លាប់ ក្នុងអំលុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់ប៉ូលិស ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែបើតាមក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន, ចំនួនអ្នកស្លាប់អាចមានរហូតដល់ ៣០,០០០នាក់ ឯណោះ៕