(ឌូបៃ)៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិចរបស់ប្រទេសអ៉ីរ៉ង់ លោក មហាំម៉ាត់ អ៉ីស្លាមី (Mohammad Eslami) បាននិយាយនៅថ្ងៃចន្ទនេះថា អ៉ីរ៉ង់មានសមត្ថភាពបច្ចេកទេស ក្នុងការផលិតគ្រាប់បែកបរមាណូ ប៉ុន្តែមិនមានបំណងធ្វើដូច្នេះទេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។
យោងតាមទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់, ការអត្ថាធិប្បាយរបស់ លោក អ៉ីស្លាមី ខាងលើនេះ គឺជាការរំលឹកឡើងវិញនូវការលើកឡើងរបស់ លោក កាម៉ាល់ ខារ៉ាហ្ស៉ី (Kamal Kharrazi) ជាទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ គឺ លោក អាយ៉ាតូឡា អាលី ខាមេណៃ (Ayatollah Ali Khamenei) កាលពីកំលុងខែកក្កដា ដោយកាលណោះ លោក ខារ៉ាហ្ស៉ី បាននិយាយថា សាធារណរដ្ឋអ៉ីស្លាមមួយនេះ អាចនឹងមានចំណាប់អាម្មណ៍លើការផលិតនុយក្លេអ៊ែរ ប៉ុន្តែបដិសេធមិនព្យាយាមស្រាវជ្រាវផលិតអស់រយៈពេលជាយូរមកហើយ។
គួរបញ្ជាក់ថា បច្ចុប្បន្នអ៊ីរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់កម្រិត ៦០% ដែលវាលើសពីចំនួន ៣.៦៧% កំណត់នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេហេរ៉ង់ និងក្រុមមហាអំណាចពិភពលោក ដែលបានធ្លាក់ទៅក្នុងភាពស្រពិចស្រពិល ចាប់តាំងពីការដកខ្លួនឯកតោភាគីរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៨។
ដោយឡែក សារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់ដល់កម្រិតប្រមាណ ៩០% គឺអាចប្រើប្រាស់សម្រាប់ការផលិត គ្រាប់បែកនុយក្លេអ៊ែរបាន។ ប្រធានកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា អ៊ីរ៉ង់បានឆ្លើយតបទៅនឹងសំណើរបស់មន្រ្តីទូតកំពូលរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) ដែលមានគោលបំណងស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ និងស្វែងរកចំណុចរួមឱ្យបានឆាប់រហ័ស សម្រាប់កិច្ចចរចា។ លោក បូរ៉ែល វិញ បាននិយាយថា លោកបានស្នើឡើងនូវខ្លឹមសារព្រាងថ្មី ដើម្បីស្តារកិច្ចព្រមព្រៀង៕