(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានបញ្ជាក់នៅថ្ងៃចន្ទនេះថា បុរសជនជាតិជប៉ុនម្នាក់ពិតជាត្រូវបានឃុំខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រាកដមែន ហើយ រដ្ឋាភិបាលទីក្រុងតូក្យូ អំពាវនាវឲ្យមានការដោះលែងបុរសម្នាក់នេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។
នាយករងខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក សៃជី គីហារ៉ា (Seiji Kihara) បានប្រាប់សន្និសីទសារព័ត៌មានថា បុរសជនជាតិជប៉ុនម្នាក់អាយុ ២០ឆ្នាំ ដែល បានផ្ដិតយករូបភាពបាតុកម្មតវ៉ាមួយ កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ ត្រូវបានឃុំខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ហើយស្ថានទូតជប៉ុនប្រចាំនៅមីយ៉ាន់ម៉ា ក៏កំពុង ដាក់សម្ពាធដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាឲ្យដោះលែងបុរសរូបនេះដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន មិនបានបញ្ជាក់អំពីឈ្មោះបុរសរូបនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថារូបគេជាផលិតករភាពយន្តឯកសារម្នាក់ និងមានឈ្មោះ តូរូ គូបូតា (Toru Kubota)។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានយល់ព្រមបន្តដាក់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត ខណៈអំពើហិង្សា និងការបះបោរនៅក្នុងប្រទេសមិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់ឡើយ៕