(ប៉េកាំង)៖ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកតាមការណាត់។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើការពិព្រោះពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ដោយស្មោះអំពីទំនាក់ទំនងរវាងចិន និងអាមេរិកព្រមទាំងបញ្ហាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវការវិនិច្ឆ័យខុសឆ្គងរបស់អាមេរិកចំពោះទំនាក់ទំនងរវាងចិន និងអាមេរិកព្រម និងការយល់ច្រឡំចំពោះការអភិវឌ្ឍរបស់ចិន ហើយបានអធិប្បាយជាសំខាន់ពីគោលជំហរជាគោលការណ៍របស់ចិនក្នុងបញ្ហាតៃវ៉ាន់។
លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងថា នឹងស្វែងរកការធ្វើកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងចិន គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ក្រៅពីនេះលោកក៏ បានសន្យាថា គោលនយោបាយប្រទេសចិនតែមួយរបស់អាមេរិកមិនបានកែប្រែទេ អាមេរិកមិនគាំទ្រឱ្យតៃវ៉ាន់ «ឯករាជ្យ» នោះឡើយ។ ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងយ៉ាងច្បាស់លាស់ថា «ប្រើក្រសែភ្នែកប្រកួតប្រជែងជាយុទ្ធសាស្ត្រ ទៅមើលនិងកំណត់ទំនាក់ទំនងរវាងចិន និងអាមេរិក ការចាត់ទុកប្រទេសចិនជាគូប្រជែងដ៏សំខាន់បំផុតនិងជាបញ្ហាប្រឈមដ៏តឹងរ៉ឹងបំផុតក្នុងរយៈពេលយូរ គឺជាការវិនិច្ឆ័យខុសឆ្គងចំពោះទំនាក់ទំនងរវាងចិន និងអាមេរិកព្រមនិងការយល់ច្រឡំចំពោះការអភិវឌ្ឍរបស់ចិន វានឹងបណ្តាលឱ្យមានការបំភាន់ភ្នែកប្រជាជននៃប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិ»។
ព្រមពេលជាមួយគ្នានេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ចិន និងអាមេរិកគួរតែរក្សាការប្រាស្រ័យទាក់ទងអំពីបញ្ហាសំខាន់ៗ ដូចជា ការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការរក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែចង្វាក់ផ្គត់ផ្គង់ជាសកល ការធានាសុវត្ថិភាពថាមពល និងស្បៀងអាហារជាសកលជាដើម ក្រៅពីនេះ លោកក៏បានគូសបញ្ជាក់ដែរថា ភាគីទាំងពីរគួរតែជំរុញការបញ្ចុះកម្តៅនៃបញ្ហាជាចំណុចក្តៅអន្តរជាតិនិងក្នុងតំបន់ ក្នុងន័យជួយពិភពលោកឱ្យដើរចេញផុតពីភាពជាប់គាំង និងហានិភ័យថមថយចុះនៃសេដ្ឋកិច្ច ក៏ដូចជាគាំពារប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិ ជាស្នូលនិងគាំពាររបៀបរៀបរយអន្តរជាតិដែលតម្កល់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន។
មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ក្នុងកិច្ចជំនួបតាមទូរស័ព្ទលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានអធិប្បាយជាសំខាន់ពីគោលជំហរជាគោលការណ៍ របស់ចិនក្នុងបញ្ហាតៃវ៉ាន់។ លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងបញ្ហាតៃវ៉ាន់ រដ្ឋាភិបាល និងប្រជាជនចិនមានគោលជំហរតែមួយជាប់រហូតមក ពោលគឺ គាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដី នេះជាឆន្ទៈយ៉ាងរឹងមាំរបស់ប្រជាជនចិនចំនួនជាង ១ ពាន់៤ រយលាននាក់។ ព្រមពេលជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា ក្តីបំណងរបស់ប្រជាជនមិនអាចរំលោភបាននោះទេ បើសិនជាប្រលែងជាមួយភ្លើង ពិតជានឹងត្រូវឆេះរោខ្លួនឯងជាក់ជាមិនខាន លោកបានទាមទារឱ្យភាគីអាមេរិកត្រូវគោរពគោលការណ៍ប្រទេសចិនតែមួយ និងអនុវត្តតាមសេចកី្តប្រកាសរួមទាំង៣ច្បាប់រវាងចិន និងអាមេរិកផងដែរ។
នាពេលថ្មីៗកន្លងទៅនេះ លោកបណ្ឌិត Henry Alfred Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានថា សហរដ្ឋអាមេរិកមិនគួរ «ធ្វើការបដិបក្ខគ្នាដោយមិនចេះចប់មិនចេះហើយ» ជាមួយប្រទេសចិននោះទេ អាជ្ញាធរអាមេរិកគួរតែស្តាប់សំឡេង ប្រកបដោយវិចារណញ្ញាណនេះ។ ជានិច្ចកាល ប្រទេសចិនតែងតែអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិកដោយអនុលោមតាមគោលការណ៍បីចំណុចដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ពោលគឺ គោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ។
ហេតុនេះហើយ ភាគីអាមេរិកក៏ត្រូវអនុវត្តពាក្យសន្យាចំពោះប្រទេសចិនស្តីពី «ការមិនស្វែងរក៤ចំណុច និងគ្មានចេតនាមួយចំណុច» របស់លោកប្រធានាធិបតី ចូ បៃដិន តាមរយៈការអនុវត្តជាក់ស្តែង ជាពិសេសគឺភាគីអាមេរិកគួរប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិ និងការធ្វើសកម្មភាពដោយមធ្យ័តលើបញ្ហាតំបន់តៃវ៉ាន់ ដើម្បីចៀស វាងកុំឱ្យអូសស្ថានការណ៍ឱ្យចូលក្នុងជ្រោះដ៏គ្រោះថ្នាក់៕
វិទ្យុមិត្តភាពកម្ពុជាចិន