Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ ទីក្រុងញូយ៉ក ប្រកាសជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈ (Video inside)

31-07-2022 11:04

(ញូយ៉ក)៖ អាជ្ញាធរសុខាភិបាល នៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិកបានប្រកាសភាពអាសន្នសុខភាពសាធារណៈដោយសារតែឆ្លងរាលដាលនៃជំងឺ អុតស្វា នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជាមួយការចាត់ទុកទីក្រុងញូយ៉កជាចំណុចកណ្ដាលនៃការឆ្លងរាលដាលនៃជំងឺមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។

បើតាមចៅហ្វាយក្រុងញូយ៉ក លោក អេរីច អាដាំ (Eric Adams) ប្រជាជនជាង ១៥០,០០០នាក់ក្នុងទីក្រុងញូយ៉ក អាចនឹងប្រឈមមុខនឹងហានិភ័យឆ្លង ជំងឺអុតស្វា។ ដូច្នេះ តាមរយៈការប្រកាសភាពអាសន្នសុខភាពសាធារណៈនេះ វានឹងអនុញ្ញាតឱ្យក្រុមមន្ត្រីចេញបទបញ្ជាបន្ទាន់ នៅក្រោមក្រិតក្រម សុខាភិបាលរបស់ទីក្រុងដែលមានស្រាប់ និងដាក់ចេញវិធានការនានា ដើម្បីពន្យឺត ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ទីក្រុងញូយ៉ក បានកត់ត្រាជំងឺអុតស្វា ១,៣៤៥ករណី។ ជំងឺអុតស្វាត្រូវបានអង្គការសុខភាពពិភពលោកប្រកាស ចាត់ទុកជាភាពអាសន្នសុខភាពសកលកាលពីថ្ងៃទី២៣ ខែកក្កដានេះ៕