(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថារដ្ឋាភិបាលរបស់លោកបានចេញបញ្ជាមួយឱ្យជម្លៀសប្រជាជនចេញពីតំបន់ ដូណេត ស្ថិតនៅខាងកើតនៃប្រទេស ជាទីដែលវាយប្រហារប្រយុទ្ធគ្នាជាមួយទាហានរុស្ស៉ី កាន់តែក្ដៅគគុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។
ការប្រកាសខាងលើរបស់លោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរអ៊ុយក្រែនក្នុងតំបន់ដូណេត បានអះអាងថាជនស៊ីវិល ៦នាក់ ត្រូវបានសម្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារពីសំណាក់ទាហានរុស្ស៉ីកាលពីថ្ងៃសុក្រកន្លងទៅនេះ។ បន្ថែមពីលើនេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «អ្នកដែលចាកចេញពីតំបន់ដូណេត នឹងទទួលបានសំណង ហើយយើងនឹងជួយពួកអ្នក ព្រោះយើងមិនមែនរុស្ស៉ីឡើយ។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសង្រ្គោះអាយុជីវិតមនុស្ស...»៕
គួរបបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី មានមនុស្សរាប់ម៉ឺននាក់កំពុងជាប់គាំងនៅក្នុងតំបន់សមរភូមិប្រយុទ្ធមួយភាគធំក្នុងតំបន់ដុនបាស់ ដែលបង្កើតឡើងដោយតំបន់ដូណេត និងលូហាន រួមបញ្ចូលគ្នា ហើយការជម្លៀសទៀតសាតនឹងត្រូវបានសម្របសម្រួល ក៏ដូចជាគាំទ្រដោយអាជ្ញាធរ អ៊ុយក្រែននៅក្នុងតំបន់៕