(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលាប់ជំងឺកូវី១៩ ឡើងវិញ ជាមួយលទ្ធផលតេស្ដវិជ្ជមានសាជាថ្មីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។
បើតាមសេតវិមាន លោក បៃដិន ដែលបានឆ្លងកូវីដ១៩ កាលពីជាង៩ថ្ងៃមុន ហើយបានជាសះស្បើយកាលពីដើមសប្ដាហ៍កន្លងទៅនឹងត្រូវធ្វើចត្តាឡីស័ក នៅឯសេតវិមាន រហូតដល់លោកតេស្ដចេញលទ្ធផលអវិជ្ជមាន។ ព្រមពេលជាមួយគ្នា លោក បៃដិន ក៏បានលុបចោលគម្រោងដំណើរទស្សនកិច្ចចំនួន២ ផងដែរទៅកាន់រដ្ឋ ដេឡាវែរ (Delaware) និងមីឈីហ្គិន (Michigan) នៅប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា បើតាមក្រុមវេជ្ជបណ្ឌិតសេតវិមាន លោក ចូ បៃដិន ដែលមានអាយុ ៧៩ឆ្នាំ បានលាប់ជំងឺកូវីដ១៩ ដូចគ្នាទៅនឹងអ្នកជំងឺមួយចំនួន។ ប៉ុន្តែ មិនមានចេញរោគសញ្ញាអ្វីនោះទេ ហើយលោក បៃដិនផ្ទាល់ក៏បានអះអាងដែរថាលោកមានអារម្មណ៍ល្អប្រសើរធម្មតា ក៏ដូចជានឹងបន្តធ្វើការជាប្រក្រតី៕