(វ៉ាស៉ីនតោន)៖ យ៉ាងហោចណាស់មនុស្ស ២៥នាក់ បានស្លាប់ដោយសារទឹកជំនន់នៅភាគខាងកើតរដ្ឋ គេនតួគី (Kentucky) សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។

អភិបាលរដ្ឋ Kentucky លោក អាន់ឌី ប៊េសសៀ (Andy Beshear) បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងក្នុងប៉ុន្មានថ្ងៃខាងមុខទៀត ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួននៅទីតាំងដែលបច្ចុប្បន្នមិនអាចឆ្លងកាត់បាន។

ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះជាច្រើនខ្នង នៅតាមបណ្តាខេត្តនានា បណ្តាលឲ្យអ្នកស្រុកមួយចំនួន រត់ឡើងលើដំបូលផ្ទះ ដើម្បីគេចខ្លួន។ ក្រុមមន្ត្រីជឿថា មនុស្សរាប់ពាន់នាក់បានរងផលប៉ះពាល់ដោយសារព្យុះបោកបក់ ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារតំបន់មួយចំនួនឡើងវិញអាចចំណាយពេលច្រើនឆ្នាំ។

គួរបញ្ជាក់ថា ក្រុមអន្តររដ្ឋាភិបាលរបស់អង្គការសហ ប្រជាជាតិទទួលបន្ទុកការប្រែប្រួល អាកាសធាតុ បាននិយាយថា វិបត្តិអាកាសធាតុដែលបង្កឡើងដោយមនុស្ស កំពុងធ្វើឱ្យអាកាសធាតុកាន់តែអាក្រក់ទៅៗជុំវិញពិភពលោក។ ចំហាយខ្យល់ក្តៅកាន់តែខ្លាំងនាំឲ្យមានទឹកកាន់តែច្រើន ដែលមានន័យថានឹងបង្កឲ្យមានគ្រោះទឹកជំនន់កាន់តែខ្លាំង៕