(កូប៉ិនហាក)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ករណីស្លាប់ដោយសារជំងឺអុតស្វា ត្រូវបានគេរំពឹងទុកអាចនឹងកើតមានជាបន្តបន្ទាប់ទៀត ក្រោយពីមានរបាយការណ៍នៃការស្លាប់លើកដំបូងនៅខាងក្រៅទ្វីបអាហ្រ្វិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី ខាត់ធឺរី ស្មលវូដ (Catherine Smallwood) មន្រ្តីជាន់ខ្ពស់ជំនាញសង្គ្រោះបន្ទាន់នៃ WHO Europe បានគូសបញ្ជាក់ថា «ជាមួយនឹងការបន្តរីករាលដាលនៃជំងឺអុតស្វា នៅក្នុងទ្វីបអឺរ៉ុប យើងជឿជាក់នឹងឃើញមានករណីស្លាប់បន្ថែមទៀត»

លោកស្រី ស្មលវូដ បានសង្កត់ធ្ងន់ថា គោលដៅចម្បងនៅពេលនេះ គឺទប់ស្កាត់ការឆ្លងយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអឺរ៉ុប ហើយឈានបញ្ឈប់ការរីករាលដាល។ យ៉ាងនេះក្តី លោកស្រីបញ្ជាក់ថា ករណីភាគច្រើនជំងឺនេះបានជាសះស្បើយដោយខ្លួនឯងដោយមិនត្រូវការការព្យាបាល។

គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងនៅគ្រាដែល មានសេចក្តីរាយការណ៍អំពីករណីស្លាប់លើកដំបូង នៅខាងក្រៅទ្វីបអាហ្វ្រិក។ យោងតាមអង្គការសុខភាពពិភពលោក, មានករណីជាង ១៨,០០០ ត្រូវបានគេរកឃើញនៅទូទាំងពិភពលោក និងមាននៅខាងក្រៅទ្វីបអាហ្រ្វិក ចាប់តាំងពីដើមខែឧសភា ដោយភាគច្រើននៃអ្នកឆ្លងគឺនៅតំបន់នៅអឺរ៉ុប៕