(តេហេរ៉ង់)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៉ីរ៉ង់ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនបានចាប់ពលរដ្ឋស៊ុយអែតម្នាក់ពីបទចារកម្ម ប៉ុន្តែមិនបានបញ្ជាក់អំពីសមាសភាពរបស់បុគ្គលនេះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។

ទីភ្នាក់សារព័ត៌មានរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ ដែលបានប្រកាសថា «ពលរដ្ឋនៃព្រះរាជាណាចក្រស៊ុយអែតម្នាក់ត្រូវបានចាប់ខ្លួនពីបទចារកម្ម»។ ប៉ុន្តែមិនបានបញ្ជាក់ថា ការចាប់ខ្លួនត្រូវបានធ្វើឡើង នៅពេលណានោះ។

ជនសង្ស័យបានស្ថិតនៅក្រោមការឃ្លាំមើល ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងអំឡុងពេលធ្វើដំណើរជាច្រើនលើកមុនទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយសារតែអាកប្បកិរិយាគួរឱ្យសង្ស័យ និងការទំនាក់ទំនងរបស់ពួកគេ។ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសស៊ុយអែត នៅថ្ងៃសៅរ៍នេះបញ្ជាក់ថា ក្រសួងមិនអាចធ្វើអត្ថាធិប្បាយភ្លាមៗបានទេ។

គួរបញ្ជាក់ថា កាលពីខែឧសភា កន្លងទៅ ក្រសួងការបរទេសស៊ុយអែត បានឲ្យដឹងថា បុរសជនជាតិស៊ុយអែតម្នាក់ត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានណែនាំប្រឆាំងនឹងការធ្វើដំណើរដោយមិនចាំបាច់ទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន៕