(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នាថ្ងៃសៅរ៍នេះ បានប្រកាសពីការសម្រេចដាក់ទណ្ឌកម្មលក្ខណៈបុគ្គល ទៅលើពលរដ្ឋនូវែលសេឡង់ចំនួន ៣២នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយលើវែបសាយរបស់ខ្លួនផ្ទាល់ ក្រសួងការបរទេសរុស្ស៉ី បានលើកឡើងថា ក្រសួងបានសម្រេចចាត់បញ្ចូលពលរដ្ឋនូវែលសេឡង់ ៣២នាក់ ថែមទៀតទៅក្នុងបញ្ជីទណ្ឌកម្ម។ បើតាមការបកស្រាយរបស់ទីក្រុងមូស្គូ បុគ្គលទាំងឡាយណា ដែលជាប់ឈ្មោះក្នុងបញ្ជីនេះ គឺត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៉ី ដោយពុំមានពេលកំណត់ឡើយ។

គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ខាងលើដដែល ពលរដ្ឋនូវែលសេឡង់ទាំង៣២នាក់នោះ រួមមានដូចជា មន្រ្តីក្នុងស្ថាប័នរដ្ឋបាល និងស្ថាប័នអនុវត្តច្បាប់ ព្រមទាំងអ្នកកាសែត ដែលបានបង្កើតនិន្នាការស្អប់ប្រទេសរុស្ស៉ី។ នូវែលសេឡង់ គឺជាប្រទេសដែលបានចូលរួម ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ចាប់តាំងតែពីរុស្ស៉ី បានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំនេះ៕