(ប្រាស៉ីលីយ៉ា)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រេស៉ីលនិងអេស៉្បាញ បានប្រកាសករណីស្លាប់ដំបូងបំផុតនៃជំងឺអុតស្វា នៅក្រៅទ្វីបអាហ្រ្វិក ចាប់តាំងពីរលកឆ្លងរាលដាលនាពេលបច្ចុប្បន្ន បានផ្ទុះឡើងកាលពីដើមខែឧសភា ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។
អេស៉្បាញស្ថិតក្នុងចំណោមប្រទេស ដែលមានករណីឆ្លងជំងឺអុតស្វាច្រើនបំផុត លើពិភពលោក ជាមួយករណីឆ្លងសរុប ៤,២៩៨នាក់។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលអេស៉្បាញ មិនបានផ្តល់ព័ត៌មានលម្អិត អំពីករណីអ្នកស្លាប់ចំនួន១ករណី ដែលខ្លួនបានរាយការណ៍ឡើយ។ ចំណែកឯប្រេស៉ីលវិញ ករណីអ្នកស្លាប់១ករណីរបស់ខ្លួន គឺជាបុរសវ័យ៤១ឆ្នាំម្នាក់។ ក្រសួងសុខាភិបាលប្រេស៉ីល បានឱ្យដឹងថា អ្នកជំងឺរូបនោះ មានជំងឺធ្ងន់ផ្សេងប្រចាំកាយស្រាប់ និងមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ។ មកទល់ពេលនេះ ប្រេស៉ីលមានករណីឆ្លងជាង ១,០០០ករណី។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍កាលពីថ្ងៃទី២២ ខែកក្កដា អង្គការសហប្រជាជាតិ (WHO) បានកត់ត្រាចំនួនករណីស្លាប់នៃជំងឺអុតស្វា ចំនួន៥ករណី គិតចាប់តាំងពីជំងឺនេះ បានចាប់ផ្តើមផ្ទុះរាលដាលខ្លាំង នៅក្រៅទ្វីបអាហ្រ្វិក កាលពីខែឧសភា ក៏ប៉ុន្តែករណីស្លាប់ទាំងនោះ សុទ្ធតែនៅក្នុងអាហ្រ្វិកទាំងអស់។
កាលពីចុងសប្តាហ៍មុន WHO បានសម្រេចប្រកាសចាត់ទុក ការរាតត្បាតនៃជំងឺអុតស្វា ជាភាពអាសន្នផ្នែកសុខភាពជាលក្ខណៈអន្តរជាតិ។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌល CDC អាមេរិក គិតមកទល់ឥឡូវ នៅលើពិភពលោកមានករណីឆ្លងនៃជំងឺនេះ សរុបជិត ២២,៥០០ករណី នៅប្រទេសចំនួន៧៩ ដោយភាគច្រើនគឺនៅ តំបន់អឺរ៉ុបនិងតំបន់អាមេរិក៕