(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) នឹងធ្វើដំណើរទៅកាន់ប្រទេសអាហ្រ្វិកខាងត្បូង, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ និងរវ៉ាន់ដា នៅខែសីហាខាងមុខនេះ ខណៈទីក្រុងវ៉ាស៉ីនតោនកំពុងព្យាយាម បង្កើនសកម្មភាពការទូត នៅតំបន់អាហ្រ្វិក ដើម្បីទប់ទល់ឥទ្ធិពលរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។

ក្នុងខែសីហាដដែលនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់-គ្រីនហ្វៀល (Linda Thomas-Greenfield) ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសហ្កាណា និងអ៊ូហ្កង់ដាផងដែរ។ រីឯប្រធានទីភ្នាក់ងារជំនួយអាមេរិក USAID លោកស្រី សាម៉ាន់ថា ផាវើ (Samantha Power) ទើបតែបញ្ចប់ការបំពេញទស្សនកិច្ច នៅកេនយ៉ានិងសូម៉ាលី។

ដំណើរទស្សនកិច្ចនាខែក្រោយនេះ នឹងក្លាយជាការបំពេញទស្សនកិច្ចលើកទី២ របស់លោក ប្លីងកិន ទៅកាន់តំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ា នៃទ្វីបអាហ្រ្វិក (Sub-Saharan Africa) គិតចាប់តាំងពីលោកបានក្លាយជា ប្រមុខការទូតអាមេរិកនៃរដ្ឋបាលរបស់ លោក ចូ បៃដិន កាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២១ លោក ប្លីងកិន បានបំពេញទស្សនកិច្ចនៅកេនយ៉ា នីហ្សេរីយ៉ា និងសេណេហ្កាល់។

គួរបញ្ជាក់ថា គម្រោងបង្កើនសកម្មភាពការទូតនេះ កើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergeo Lavrov) ទើបតែបានបំពេញដំណើរទស្សនកិច្ចរបស់លោក នៅទ្វីបអាហ្រ្វិក៕