Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅច្រកសមុទ្រតៃវ៉ាន់ ចំពោះមុខទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ដែលអាចនឹងកើតឡើង (Video inside)

30-07-2022 12:11

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រកាសថា យោធាចិននឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងថ្ងៃសៅរ៍នេះ មុនដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) មកកាន់កោះតៃវ៉ាន់ ដែលកំពុងត្រូវគេរំពឹងទុកកាន់តែខ្លាំងថា ច្បាស់ជានឹងកើតមានឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងប៉េកាំងបានប្រកាសថា សមយុទ្ធយោធាខាងលើ នឹងធ្វើឡើងក្នុងទ្រង់ទ្រាយតូចល្មម នៅលើដែនទឹកក្បែរកោះ ពីងតាន (Pingtan) ក្នុងខេត្តហ្វូជាន (Fujian)។ សម្រាប់ការបាញ់គ្រាប់ពិតនឹងប្រព្រឹត្តទៅ នៅចន្លោះម៉ោង៨ព្រឹក និងម៉ោង៩យប់ ថ្ងៃសៅរ៍នេះ ហើយការធ្វើចរាចរណ៍ចូលមកក្នុងតំបន់នោះ គឺត្រូវបានហាមឃាត់។ ទីតាំងនៃការធ្វើសមយុទ្ធរបស់ចិន គឺស្ថិតនៅចម្ងាយតែប្រមាណជា ១២០គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ភាពតានតឹងបាននិងកំពុងកើនឡើងខ្លាំង ជុំវិញបញ្ហាតៃវ៉ាន់ រវាងមហាអំណាច និងគូប្រជែងភូមិសាស្រ្តនយោបាយទាំងពីរ ដោយក្នុងជំនួបតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា អ្នកដែលប្រឡែងលេងជាមួយភ្លើង មុខជានឹងរលាកខ្លួនមិនខានឡើយ។ ពាក់ព័ន្ធសេចក្តីរាយការណ៍ អំពីលទ្ធភាពនៃការបំពេញទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ នៅក្នុងខែសីហាខាងមុខ គឺទាំងរដ្ឋាភិបាលអាមេរិក និងរូបលោកស្រីផ្ទាល់ មិនបានទទួលស្គាល់ ឬក៏ច្រានចោលថានោះទេ៕