(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ីបានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានជជែកគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោមសំណើរបស់ទីក្រុងវ៉ាស៉ីនតោន ខណៈវាគឺជាការពិភាក្សាលើកដំបូង រវាងប្រមុខការទូតប្រទេសទាំងពីរ គិតចាប់តាំងពីសង្រ្គាម បានកើតមានឡើងនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។

កំលុងកិច្ចពិភាក្សាតាមទូរស័ព្ទនោះ លោក ឡាវរ៉ូវ និងលោក ប្លីងកិន បានជជែកគ្នាអំពីសង្រ្គាមដែលកំពុងបន្តអូសបន្លាយ, អំពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលត្រូវបានចុះហត្ថលេខានៅតួកគី កាលពីសប្តាហ៍មុន ព្រមទាំងអំពីលទ្ធភាពនៃការដោះដូរ អ្នកទោសរវាងប្រទេសទាំងពីរ។

លោក ប្លីងកិន បានឱ្យដឹងថា រូបលោកបានស្នើទៅកាន់ភាគីរុស្ស៉ី ឱ្យទទួលយកសំណើដោះលែង ពលរដ្ឋអាមេរិកឈ្មោះ ផល វេលែន (Paul Whelan) ដែលជាអតីតកងម៉ារីន និងឈ្មោះ ប្រ៊ីតនី គ្រីនណឺ (Brittney Griner) ដែលជាតារាបាល់បោះ។ អ្នកទាំងពីរត្រូវគេរាយការណ៍ថា អាចនឹងដោះដូរជាមួយពលរដ្ឋរុស្ស៉ីឈ្មោះ វីគទ័រ ប៊ូត (Viktor Bout) ដែលជាជនជួញដូរអាវុធ។

ជាមួយគ្នានេះ លោកប្រមុខការទូតអាមេរិក ក៏បានគូសបញ្ជាក់ប្រាប់លោក ឡាវរ៉ូវ ផងដែរថា អន្តរជាតិរំពឹងរុស្ស៉ីនឹងគោរពតាមពាក្យសន្យា នៅក្រោមកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដែលសម្រេចបាននៅតួកគី ដើម្បីបើកការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មពីអ៊ុយក្រែនឡើងវិញ បន្ទាប់ពីវាត្រូវបានរាំងខ្ទប់ដោយសារសង្រ្គាម ដែលបានជះផលប៉ះពាល់ជាខ្លាំងដល់ សន្តិសុខស្បៀងពិភពលោក។ មិនតែប៉ុណ្ណោះ លោក ប្លីងកិន ថែមទាំងបានព្រមានទីក្រុងមូស្គូប្រឆាំងនឹង គម្រោងកាត់យកទឹកដីអ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពរុស្ស៉ី ទៀតផង។

ដោយឡែក លោក ឡាវវ៉ូវ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន មិនបានបំពេញតាមពាក្យសន្យារបស់ខ្លួន ក្នុងការលើកលែងចំពោះ ការផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសរុស្ស៉ី ពីទណ្ឌកម្មឡើយ។ ជាចុងក្រោយ លោកប្រមុខការទូតរុស្ស៉ី ក៏បានប្រាប់លោក ប្លីងកិន ថា ទីក្រុងមូស្គូនឹងសម្រេចរាល់គោលដៅទាំងអស់ នៃសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយការខិតខំផ្តល់ជំនួយសព្វាវុធរបស់លោកខាងលិច មិនអាចជួយអ្វីបានក្រៅតែពីធ្វើឱ្យសង្រ្គាមអូសបន្លាយកាន់តែយូរប៉ុណ្ណោះ៕