(កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើទៅកាន់សហរដ្ឋអាមេរិក ឱ្យចាត់ទុកប្រទេសរុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម ខណៈលោកបានថ្កោលទោសចំពោះ ការបាត់បង់ជីវិតនៃអ្នកទោសរាប់សិបនាក់ នៅក្នុងមន្ទីរឃុំឃាំង ដែលគ្រប់គ្រងដោយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងវីដេអូសុន្ទរកថាមួយ កាលពីយប់ថ្ងៃសុក្រ លោក ហ្សេលេនស្គី បានហៅការបាញ់ផ្លោងដាក់មន្ទីរឃុំឃាំងខាងលើ ថាជាឧក្រិដ្ឋកម្មសង្រ្គាមដោយចេតនារបស់រុស្ស៉ី ហើយបើតាមការអះអាងរបស់លោក ឈ្លើយសឹកអ៊ុយក្រែន៥០នាក់ បានបង់ជីវិត នៅក្នុងហេតុការណ៍នោះ។ ហេតុដូច្នេះ លោកប្រធានាធីបតីអ៊ុយក្រែន បានអំពាវនាវជាពិសេស ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចាត់ទុករុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម ហើយលោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តគឺចាំបាច់នាពេលឥឡូវនេះ។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី គឺចង់សំដៅទៅលើ ករណីវាយប្រហារមួយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលត្រូវចំមន្ទីរឃុំឃាំងមួយកន្លែង នៅក្នុងតំបន់ ដូណេត (Donetsk) ភាគខាងកើតអ៊ុយក្រែន ដែលផ្ទុកអ្នកទោសសង្រ្គាម ជាក្រុមអ្នកប្រយុទ្ធរបស់អ៊ុយក្រែនផ្ទាល់។ រុស្ស៉ីនិងក្រុមផ្តាច់ខ្លួនបានអះអាងថា ការវាយប្រហារនោះគឺធ្វើឡើងដោយ កងកម្លាំងអ៊ុយក្រែន តាមរយៈការប្រើប្រាស់ប្រព័ន្ធបាញ់ផ្លោងរ៉ុក្កែត HIMARS របស់អាមេរិក និងបានបង្កឱ្យឈ្លើយសឹកអ៊ុយក្រែន ៤០នាក់ស្លាប់ និង៧៥នាក់ផ្សេងទៀតរបួស៕