(អ៊ុយក្រែន)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើទស្សនកិច្ចកំពង់ផែសមុទ្រខ្មៅនៅថ្ងៃសុក្រនេះ ខណៈដែលក្រុមនាវិកបានរៀបចំស្ថានីយ ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ ដែលជាប់គាំងដោយសង្រ្គាមអស់រយៈពេលប្រាំខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

ការងារបានដំណើរការទៅមុខមួយសប្តាហ៍មកហើយ បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចដើម្បីអនុញ្ញាតឱ្យការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗហូរទៅកាន់ប្រជាជនក្រីក្ររាប់លាននាក់ដែលកំពុងប្រឈមនឹងភាពអត់ឃ្លាននៅទូទាំងពិភពលោក។

លោក Zelensky បាននិយាយនៅឯកំពង់ផែក្នុងតំបន់ Odesa ថា «នាវាទីដំបូង កប៉ាល់ទីដំបូងកំពុងចាប់ផ្តើមផ្ទុកគ្រាប់ធញ្ញជាតិ (សម្រាប់នាំចេញ) ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក»

ប្រធានាធិបតីអ៊ុយក្រែនរូបនេះសង្កត់ធ្ងន់ថា យោធា អ៊ុយក្រែន ប្តេជ្ញា ចំពោះ សុវត្ថិភាព នៃ កប៉ាល់ ដោយ បន្ថែម ថា «វាសំខាន់សម្រាប់យើងដែល អ៊ុយក្រែននៅតែជាអ្នកធានា សន្តិសុខស្បៀងពិភពលោក»

គួរបញ្ជាក់ថា អ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលី ស្រូវបាឡេ ពោត និងប្រេងផ្កាឈូករ័ត្នដ៏ធំបំផុតមួយសម្រាប់សាកលលោក ហើយការបាត់បង់ការផ្គត់ផ្គង់ទាំងនោះ បានបង្កើនតម្លៃស្បៀងអាហារពិភពលោក គំរាមកំហែងដល់អសន្តិសុខនយោបាយ និងបានជួយជំរុញមនុស្សកាន់តែច្រើនធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងភាពអត់ឃ្លាននៅក្នុងប្រទេសដែលងាយរងគ្រោះ៕