(ម៉ាណាហ្កា)៖ ក្រសួងការបរទេសនីការ៉ាហ្កានៅថ្ងៃសុក្រនេះ បានឱ្យដឹងថា នីការ៉ាហ្កាបានសម្រេចហាមឃាត់មិនឱ្យ ឯកអគ្គរដ្ឋទូតអាមេរិកដែលទើបតែងតាំងថ្មី គឺលោក ហ៊ូហ្កូ រ៉ូឌ្រីហ្កេស (Hugo Rodriguez) ចូលក្នុងទឹកដីប្រទេសអាមេរិកកណ្តាលមួយនេះឡើយ ដោយសារតែការនិយាយរិះគន់ មកលើរដ្ឋាភិបាលទីក្រុងម៉ាណាហ្កា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសនីការ៉ាហ្កា បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលនីការ៉ាហ្កា តាមរយៈការអនុវត្តអំណាច និងអធិបតេយ្យជាតិរបស់ខ្លួន សម្រេចដកចេញវិញជាបន្ទាន់ នូវការយល់ព្រម ដែលបានផ្តល់ចំពោះការតែងតាំង លោក ហ៊ូហ្កូ រ៉ូឌ្រីហ្កេស ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅនីការ៉ាហ្កា»។ ហេតុដូច្នេះ លោក រ៉ូឌ្រីហ្កេស ត្រូវបានហាមមិនឱ្យអាចចូល ប្រទេសនីការ៉ាហ្កាបានឡើយ។

គួរបញ្ជាក់ថា លោក ហ៊ូហ្កូ រ៉ូឌ្រីហ្កេស ត្រូវបានលោក ចូ បៃដិន ជ្រើសតាំងកាលពីខែឧសភា ឆ្នាំ២០២២ ឱ្យកាន់តួនាទីជា ឯកអគ្គរដ្ឋទូតប្រចាំនៅនីការ៉ាហ្កា ជំនួសលោក ខេវិន ស៊ូលីវ៉ាន់ (Kevin Sullivan)។ ប្រតិកម្មខាងលើពីសំណាក់ទីក្រុងម៉ាណាហ្កា កើតមានឡើង បន្ទាប់ពីលោក រ៉ូឌ្រីហ្កេស បាននិយាយថា ក្នុងនាមឯកអគ្គរដ្ឋទូតអាមេរិកថ្មី រូបលោកនឹងគាំទ្រការប្រើប្រាស់ គ្រប់មធ្យោបាយផ្នែកសេដ្ឋកិច្ចនិងនយោបាយ ដើម្បីផ្លាស់ប្តូរទិសដៅនយោបាយ នៅក្នុងប្រទេសនីការ៉ាហ្កា៕