(ញូដេលី)៖ កងទ័ពអាកាសឥណ្ឌា នាថ្ងៃសុក្រនេះ បានឱ្យដឹងថា អាកាសយានិក២នាក់ បានបាត់បង់ជីវិត នៅពេលយន្តហោះចម្បាំង MiG-21 មួយគ្រឿងរបស់ពួកគេ បានធ្លាក់ពេលកំពុងធ្វើប្រតិបត្តិការហ្វឹកហ្វឺន នៅរដ្ឋ រ៉ាចាសថាន់ (Rajasthan) ភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

កងទ័ពអាកាសឥណ្ឌា បាននិយាយថា យន្តហោះចម្បាំង MiG-21 ខាងលើ បានធ្លាក់នៅស្រុក បាមើ (Barmer) ក្នុងរដ្ឋ រ៉ាចាសថាន់ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយហោះចាកចេញពី មូលដ្ឋានទ័ពអាកាស យូតាឡៃ (Utarlai) ដែលស្ថិតក្នុងរដ្ឋដដែល។ ក្នុងហេតុការណ៍នោះ អាកាសយានិកទាំង២នាក់ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតតែម្តង។

គួរបញ្ជាក់ថា ការស៉ើបអង្កេតត្រូវបានធ្វើឡើង ដើម្បីកំណត់ពីមូលហេតុ នៃការធ្លាក់យន្តហោះចម្បាំងនោះ។ យន្តហោះចម្បាំង MiG-21 គឺជាយន្តហោះចម្បាំង ដែលត្រូវបានប្រើប្រាស់យូរជាងគេបង្អស់ របស់ប្រទេសឥណ្ឌា ហើយក៏មានការធ្លាក់ញឹកញាប់បំផុតផងដែរ៕