(បូហ្គូតា)៖ ប្រទេសកូឡុំប៊ី និងវេណេស៊ុយអេឡា នឹងតែងតាំងឯកអគ្គរដ្ឋទូតថ្មី ប្រចាំរដ្ឋធានីនៃប្រទេសរៀងៗខ្លួន នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) ចូលកាន់តំណែងជាផ្លូវការ នៅខែសីហាខាងមុខ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីមានភាពតានតឹងនឹងគ្នាជាច្រើនឆ្នាំមកនេះ។ នេះបើយោងតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

ការសម្រេចចិត្តខាងលើត្រូវបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក កាឡូស ហ្វារៀ (Carlos Faria) និងរដ្ឋមន្ត្រីការបរទេសកូឡុំប៊ី ដែលស្ថិតក្នុងការរង់ចាំចូលកាន់តំណែង គឺលោក អាល់វ៉ារ៉ូ ឡេវ៉ា (Alvaro Leyva) បន្ទាប់ពីកិច្ចប្រជុំមួយក្នុងទីក្រុង សាន់ គ្រីស្តូបាល់ (San Cristobal)។

លោក ឡេវ៉ា បានអានសេចក្តីថ្លែងការណ៍មួយដែលគូសបញ្ជាក់ថា ប្រទេសទាំង២បានបង្ហាញពីបំណងចង់ដំណើរការលើរបៀបវារៈការងារ ឆ្ពោះទៅរកការធ្វើឲ្យមាន ប្រក្រតីនៃទំនាក់ទំនងទ្វេភាគីឡើងវិញ ចាប់ពីថ្ងៃទី៧ ខែសីហា ដោយការបង្ហាញសមាសភាពផ្លូវការនៃឯកអគ្គរដ្ឋទូត និងមន្ត្រីការទូត ក៏ដូចជាស្ថានកុងស៊ុល។ ភាគីទាំង២ ក៏បានអះអាងសារជាថ្មីថាឆន្ទៈរបស់ពួកគេគឺការខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាសន្តិសុខ និងសន្តិភាពនៅតាមព្រំដែន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូឡុំប៊ី និងវេណេស៊ុយអេឡា មានភាពរង្គោះរង្គើអស់ជាច្រើនឆ្នាំជុំវិញបញ្ហាជាច្រើន រួមទាំងការកើនឡើងនៃចំនួនជនចំណាកស្រុក វេណេស៊ុយអេឡា ដែលឆ្លងកាត់ព្រំដែនរួមចំពេលមានវិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេស៕