(ឌូបៃ)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បើទោះជាមិនទាន់មានការបង្កើតក្របខណ្ឌការងារ សម្រាប់ការធ្វើសមាហរណកម្ម ប្រព័ន្ធការពារដែនអាកាស និងមីស៊ីលមជ្ឈិមបូព៌ានៅឡើយក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកជឿជាក់ថាវានៅតែអាចទៅរួច ក្នុងការបង្កើតយុទ្ធសាស្ត្រពហុភាគីថ្នាក់តំបន់មួយ ដើម្បីការពារសន្តិសុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្រ្តីអាមេរិកខាងលើ បានបញ្ជាក់ទៀតថាប្រធានាធិបតីអាមេរិក បានលើកឡើងពីការធ្វើសមាហរណកម្មប្រព័ន្ធការពារដែនអាកាស តំបន់មជ្ឈិមបូព៌ា ក្នុងពេលបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត កាលពីដើមខែកក្កដានេះ ជាទីដែលលោកបានចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអារ៉ាប់។ ប៉ុន្តែ វានៅ គ្រាន់តែជាគំនិតផ្តួចផ្តើមមួយប៉ុណ្ណោះ។ មន្រ្តីរូបដដែលនេះបានបន្ថែមដូច្នេះថា «បច្ចុប្បន្ន វានៅតែត្រឹមតែជាគំនិតផ្ដួចផ្ដើមមួយប៉ុណ្ណោះដោយមិនទាន់មានការបង្កើត ក្របខណ្ឌការងារនៅឡើយទេ...ប៉ុន្តែ យើងគិតថា ពិតជាមានសារសំខាន់ នៅចំពោះមុខការគំរាមកំហែងកាន់តែខ្លាំងឡើងពីមីស៉ីលរបស់អ៉ីរ៉ង់»

គួរបញ្ជាក់ថា ខណៈរដ្ឋបាលលោក ចូ បៃដិន កំពុងព្យាយាមស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ឡើងវិញ បណ្ដាប្រទេសអារ៉ាប់ ដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះលក្ខខណ្ឌលក់អាវុធមួយចំនួនរបស់សហរដ្ឋអាមេរិក និងយល់ថារដ្ឋបាលលោក បៃដិន មានជំហរទន់ភ្លន់ ហួសហេតុចំពោះអ៉ីរ៉ង់៕