(ខិនថាកគី)៖ គ្រោះទឹកជំនន់បង្កឡើងដោយព្យុះភ្លៀងជាបន្តបន្ទាប់ នៅក្នុងរដ្ឋខិនថាកគី (Kentucky) សហរដ្ឋអាមេរិក បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច៨នាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងកើនឡើង ខណៈកម្ពស់ទឹកនៅតែបន្តហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

បើតាមលោក អេនឌី បេសសៀ (Andy Beshear) ជាអភិបាលរដ្ឋ Kentucky ព្យុះភ្លៀងជាបន្តបន្ទាប់បានវាយប្រហារលើភាគខាងកើតនៃរដ្ឋមួយនេះ ដោយបណ្ដាលឱ្យ មានគ្រោះទឹកជំនន់ដ៏អាក្រក់ និងបង្កការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលអាចនឹងត្រូវប្រើពេលជាច្រើនឆ្នាំ ដើម្បីជួសជុលឡើងវិញ។ ព្រមពេលជាមួយគ្នា លោក អេនឌីនក៏បានប្រកាសភាពអាសន្ននៅក្នុងតំបន់ចំនួន៦ នៃរដ្ឋ Kentucky ផងដែរ អមជាមួយការគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន យើងកំពុងពើបប្រទះនឹងគ្រោះ ទឹកជំនន់ដ៏អាក្រក់នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋ Kentucky ដែលបានធ្វើឱ្យមនុស្សរាប់រយនាក់បាត់បង់ផ្ទះសម្បែងរបស់ពួកគេ»

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ខាងលើ ក៏បានធ្វើឱ្យប្រជាជន ២៤,០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់បណ្ដោះអាសន្នផងដែរ នៅឯភាគខាងកើតនៃរដ្ឋ Kentucky ខណៈ ស្ថានភាពអាកាសធាតុ ត្រូវបានព្យាករថាអាចនឹងត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ នៅថ្ងៃសុក្រសប្ដាហ៍នេះ៕