(វ៉ាស៉ីនតោន)៖ បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិក និងចិន បានចំណាយពេលជាងពីរម៉ោងក្នុងជំនួបតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបង្ហើបឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង អាចនឹងជួបមុខគ្នាដោយផ្ទាល់នៅក្នុង កិច្ចប្រជុំនៅពេលខាងមុខ ដើម្បីពិភាក្សាអំពីអនាគតនៃទំនាក់ទំនងដ៏ស្មុគស្មាញរវាងប្រទេសទាំង២ ចំពោះមុខភាពតានតឹងពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ នេះបើយោង តាមការដកស្រង់ផ្សាយចេញដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

ភាពតានតឹងចុងក្រោយបំផុតលើកោះតៃវ៉ាន់ បានផ្ទុះឡើងជាថ្មី ក្រោយមានព័ត៌មានស្ដីពីផែនការនៃដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក គឺ លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) មកកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីលោក បៃដិន នៅមានឋានៈជាអនុប្រធានាធិបតី លោកបានចំណាយពេលជាច្រើនក្នុងការពិភាក្សាជាមួយលោក ស៉ី នៅឯសហរដ្ឋអាមេរិក ក៏ដូចជានៅប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំង២ មិនបានជួបគ្នាដោយផ្ទាល់ទេ ចាប់តាំងពីលោក បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២១មក។

ចំណែកឯ លោក ស៉ី ជិនពីងវិញ បានបានចាកចេញពីចិនដីគោកតែម្តងគត់ ដើម្បីទៅកាន់ទីក្រុងហុងកុង ចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើម។ ថ្មីៗនេះ ប្រធានាធិបតីចិនរូបនេះ ក៏បានទទួលការអញ្ជើញជាផ្លូវការធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌូណេស៊ី ក្នុងខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20៕